អ្នកការទូតកំពូលរបស់បារាំង៖ លោក រូប៊ីអូ បញ្ជាក់ថា សហរដ្ឋអាមេរិកមិនមានគម្រោងឈ្លានពានកោះហ្រ្គីនលែនដ៍ទេ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់-ណូអ៊ែល បារ៉ុត (Jean-Noel Barrot) បាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានធានាដល់លោកនៅក្នុងការសន្ទនាតាមទូរស័ព្ទថាសហរដ្ឋអាមេរិកមិនមានបំណងឈ្លានពានកោះហ្រ្គីនលែនដ៍ (Greenland)ទេ។
នៅពេលមុននេះបន្តិច កាសែត The Wall Street Journal បានរាយការណ៍ដោយដកស្រង់សម្តីមនុស្សដែលដឹងពីបញ្ហានេះថាក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់អាម៉េរិកដែលធ្វើឡើងដោយសម្ងាត់ លោក រូប៊ីអូ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមិនមានគម្រោងឈ្លានពានកោះហ្រ្គីនលែនដ៍ទេ ប៉ុន្តែមានបំណងទិញវាពីប្រទេសដាណឺម៉ាក។
លោក បារ៉ុត បានប្រាប់វិទ្យុបារាំងថា «ខ្ញុំបាននិយាយតាមទូរស័ព្ទកាលពីម្សិលមិញជាមួយរដ្ឋមន្ត្រីការបរទេស... លោកបានបញ្ជាក់ប្រាប់ខ្ញុំថាការឈ្លានពានកោះហ្រ្គីនលែនដ៍មិនមែនជាវិធីសាស្រ្តដែលសហរដ្ឋអាមេរិកកំពុងមានគម្រោងធ្វើនោះទេ»។
អ្នកការទូតកំពូលរបស់បារាំងរូបនេះបានបន្ថែមថា លោក រូប៊ីអូ បានច្រានចោលលទ្ធភាពដែលសេណារីយ៉ូរបស់វេណេស៊ុយអេឡានឹងកើតឡើងម្តងទៀតនៅហ្រ្គីនលែនដ៍។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយម្តងហើយម្តងទៀតថា ហ្រ្គីនលែនដ៍គួរតែក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក ដោយលោកបានលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់សន្តិសុខជាតិ និងវត្តមានរបស់អង្គការណាតូនៅក្នុងតំបន់អាកទិក។ លោកក៏បានហៅប្រទេសកាណាដាថា ជារដ្ឋទី៥១របស់សហរដ្ឋអាមេរិកផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





