សេតវិមានគិតថា លោក ដូណាល់ ត្រាំ នឹងរក្សាទំនាក់ទំនងល្អជាមួយលោក ពូទីន និងលោក ស៊ី បើទោះបីជាកំពុងមានបញ្ហាជុំវិញប្រទេសវេណេស៊ុយអេឡាក៏ដោយ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ -- សេតវិមានសង្ឃឹមថាប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)នឹងអាចបន្ត «ទំនាក់ទំនងផ្ទាល់ខ្លួន» ដ៏ល្អជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) បើទោះបីជាមានសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡាក៏ដោយ។ នេះបើយោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី ការ៉ូលីន លាវីតត៍ (Karoline Leavitt)។
លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ខ្ញុំគិតថាលោកប្រធានាធិបតីមានទំនាក់ទំនងបើកចំហរ ស្មោះត្រង់ និងល្អជាមួយទាំងលោកប្រធានាធិបតី ពូទីន នៃប្រទេសរុស្ស៊ី និងលោកប្រធានាធិបតី ស៊ីជីនភីង នៃប្រទេសចិន។ លោកបានជជែកពិភាក្សាជាមួយពួកគេជាច្រើនដងដូចដែលអ្នកបានដឹងហើយចាប់តាំងពីឡើងកាន់តំណែងប្រហែលមួយឆ្នាំមុនមក ហើយខ្ញុំជឿថា ទំនាក់ទំនងផ្ទាល់ខ្លួនទាំងនោះនឹងនៅតែបន្តល្អ»។
ទោះជាយ៉ាងណាក៏ដោយ យោងតាមលោកស្រី លាវីតត៍ បានឱ្យដឹងថា លោក ត្រាំ នឹង «អនុវត្តគោលនយោបាយរបស់យើងដែលល្អបំផុតសម្រាប់សហរដ្ឋអាមេរិក។ ហើយទាក់ទងនឹងការរឹបអូសនាវាទាំងនោះ គឺមានន័យថាជាការអនុវត្តការហាមឃាត់នាវាងងឹតទាំងអស់ដែលកំពុងដឹកជញ្ជូនប្រេង [វេណេស៊ុយអេឡា] ដោយខុសច្បាប់។ ហើយមានតែពាណិជ្ជកម្មស្របច្បាប់ដែលកំណត់ដោយសហរដ្ឋអាមេរិកប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាត»។
លោកស្រី បានសង្កត់ធ្ងន់ថា «នោះជាគោលនយោបាយរបស់រដ្ឋបាលនេះ ហើយលោក (ដូណាល់ ត្រាំ) មិនខ្លាចនឹងអនុវត្តវាទេ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





