សេតវិមានមិនទាន់សម្រេចចិត្តថា តើខ្លួននឹងស្វែងរកការបោះឆ្នោតនៅវេណេស៊ុយអេឡានៅក្នុងឆ្នាំនេះឬយ៉ាងណានោះទេ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ -- រដ្ឋបាលសហរដ្ឋអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដែលថាតើទីក្រុងវ៉ាស៊ីនតោននឹងដាក់សម្ពាធលើប្រទេសវេណេស៊ុយអេឡាឱ្យរៀបចំការបោះឆ្នោតនៅឆ្នាំនេះឬអត់នោះ។
ក្នុងការធ្វើអត្ថាធិប្បាយទៅលើបញ្ហានេះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំមួយ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី ការ៉ូលីន លាវីតត៍ (Karoline Leavitt) បានសំដៅទៅលើគោលជំហររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)ចំពោះបញ្ហានេះ។ លោកស្រីបាននិយាយថា «ខ្ញុំនឹងបញ្ជាក់ឡើងវិញនូវអ្វីដែលលោកប្រធានាធិបតីបាននិយាយពីរបីដងមកហើយទៅកាន់អ្នកទាំងអស់គ្នា ដែលវាឆាប់ពេកក្នុងការកំណត់ពេលវេលាសម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសវេណេស៊ុយអេឡា»។
ក្នុងពេលជាមួយគ្នានេះ លោកស្រីបានសំដៅទៅលើរដ្ឋាភិបាលនៅទីក្រុងការ៉ាកាសថា ជាថ្នាក់ដឹកនាំបណ្តោះអាសន្នជាច្រើនដងក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននោះ។
រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក អ៊ីវ៉ាន់ ហ្គីល ពីនតូ (Yvan Gil Pinto) បាននិយាយកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ ថាសហរដ្ឋអាមេរិកបានវាយប្រហារលើទីតាំងស៊ីវិល និងយោធានៅក្នុងទីក្រុងការ៉ាកាស។ លោកបានថ្កោលទោសចំពោះសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោននេះថាជាការឈ្លានពានខាងយោធា។ រដ្ឋបានដាក់ប្រទេសវេណេស៊ុយអេឡាក្នុងគ្រាអាសន្ន។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាក់ពីការវាយប្រហារលើប្រទេសវេណេស៊ុយអេឡា។ យោងតាមមេដឹកនាំសហរដ្ឋអាមេរិករូបនេះ បានឱ្យដឹងថាប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) និងភរិយារបស់លោកត្រូវបានចាប់ខ្លួន និងនាំចេញពីប្រទេស។ក្រោយមក ពួកគេត្រូវបាននាំខ្លួនទៅសហរដ្ឋអាមេរិក ហើយត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលឃុំឃាំងមួយក្នុងទីក្រុងប្រ៊ូកលីន នៅភាគខាងត្បូងរដ្ឋញូវយ៉ក។ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ លោក ម៉ាឌូរ៉ូ និងភរិយារបស់លោកបានបង្ហាញខ្លួននៅចំពោះមុខតុលាការស្រុកអាម៉េរិកសម្រាប់ស្រុកភាគខាងត្បូងនៃរដ្ឋញូវយ៉ក។ អាជ្ញាធរអាម៉េរិកចោទប្រកាន់ពួកគេពីបទជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានអ្នកទាំងពីរបដិសេធ។
លោក ត្រាំ ក៏បានអះអាងផងដែរថា សហរដ្ឋអាមេរិកនឹងទទួលបន្ទុកគ្រប់គ្រងប្រទេសវេណេស៊ុយអេឡាជាបណ្ដោះអាសន្ន។ លើសពីនេះទៀតប្រធានាធិបតីសហរដ្ឋអាមេរិកបានសម្តែងទំនុកចិត្តថា ទីក្រុងវ៉ាស៊ីនតោននឹងទទួលបានសំណងពីទីក្រុងការ៉ាកាសសម្រាប់ក្រុមហ៊ុនប្រេងរបស់អាម៉េរិក។លោក ត្រាំ បាននិយាយថា រដ្ឋាភិបាលបណ្ដោះអាសន្នរបស់ប្រទេសវេណេស៊ុយអេឡានឹង «ប្រគល់» ប្រេង «ដែលមានគុណភាពខ្ពស់» ចន្លោះពី៣០លាន ទៅ ៥០លានបារ៉ែលទៅឱ្យសហរដ្ឋអាមេរិក៕





