ចិនដីគោកដាក់ទណ្ឌកម្មចំពោះមន្ត្រីតៃវ៉ាន់ និងព្រមានដល់ក្រុមបំបែកខ្លួន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ -- អាជ្ញាធរចិនដីគោកបានបន្ថែមមន្ត្រីជាន់ខ្ពស់ពីររូបរបស់គណបក្សប្រជាធិបតេយ្យជឿនលឿនរបស់កោះតៃវ៉ាន់ គឺលោក លុយ ឈីហ្វាង (Liu Shih-fang) និងលោក ចេង យីងយ៉ាវ (Cheng Ying-yao) ទៅក្នុងបញ្ជីក្រុមអ្នកបំបែកខ្លួនឯករាជ្យតៃវ៉ាន់ដ៏ម៉ឺងម៉ាត់»។ អ្នកនាំពាក្យ លោក ចិន ពីងហួ (Chen Binhua) បានចោទប្រកាន់ទៅលើមន្ត្រីទាំងនោះពីបទលើកកម្ពស់វោហាសាស្ត្រសម្រាប់ការបំបែកខ្លួន និងរំខានដល់ការផ្លាស់ប្តូរឆ្លងច្រកសមុទ្រ ដោយលើកឡើងជាពិសេសអំពីតួនាទីរបស់លោក ចេង ក្នុងការអភិវឌ្ឍសម្ភារៈអប់រំដែលមានទំនោរទៅរកឯករាជ្យភាព។ លើសពីនេះទៀត រដ្ឋអាជ្ញា លោក ចិន ឈូយី (Chen Shu-yi) ត្រូវបានគេចាត់ទុកថាជាអ្នកសមគំនិត ដែលត្រូវបានចោទប្រកាន់ថា បានកំណត់គោលដៅអ្នកគាំទ្រទំនាក់ទំនងឆ្លងច្រកសមុទ្រតាមរយៈសំណុំរឿងផ្លូវច្បាប់ដែលត្រូវបានប្រឌិតឡើង។
ជាលទ្ធផលនៃការកំណត់ទាំងនេះ មន្ត្រីទាំងនោះ និងសមាជិកគ្រួសាររបស់ពួកគេត្រូវបានហាមឃាត់មិនឱ្យចូលទៅក្នុងចិនដីគោក ទីក្រុងហុងកុងនិងម៉ាកាវ។ អង្គការដែលមានទំនាក់ទំនងជាមួយពួកគេក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្ម ឬសហការជាមួយអង្គភាពចិនដីគោកដែរ។ បុគ្គលទាំងនោះឥឡូវនេះប្រឈមមុខនឹងការទទួលខុសត្រូវផ្នែកច្បាប់ពេញមួយជីវិតក្រោមច្បាប់ចិនដីគោក ដោយត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបច្ចុប្បន្នដែលរួមមានក្រុមអ្នកបំបែកខ្លួនចំនួន ១៤នាក់ និងអ្នកសមគំនិតចំនួន ១២នាក់។
ការិយាល័យកិច្ចការតៃវ៉ាន់បានសង្កត់ធ្ងន់ថា វិធានការទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីទប់ស្កាត់ឯករាជ្យភាពតាមច្បាប់ និងរក្សាខ្សែបន្ទាត់ក្រហមរបស់ដីគោកទាក់ទងនឹងអធិបតេយ្យភាព។ អ្នកនាំពាក្យរូបនេះបានព្រមានថា សកម្មភាពបំបែកខ្លួនណាមួយដែលប្រឆាំងនឹងច្បាប់ប្រឆាំងការបំបែកខ្លួននឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ។ លោកក៏បានរិះគន់ចំពោះសំណើថ្មីៗរបស់នីតិបញ្ញត្តិនៅតៃវ៉ាន់ ដែលបានស្វែងរកការកំណត់ឡើងវិញនូវទំនាក់ទំនងឆ្លងច្រកសមុទ្រដោយដាក់ឈ្មោះចលនាបែបនេះថា ជាការកើនឡើងនៃភាពតានតឹងក្នុងតំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





