ភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្ស ១១នាក់នៅប្រទេសម៉ាដាហ្គាស្ការ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ -- យោងតាមរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃអង្គារដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលបានប៉ះពាល់ដល់ប្រទេសម៉ាដាហ្គាស្ការចាប់តាំងពីចុងខែវិច្ឆិកាឆ្នាំមុនបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១១នាក់ និងបណ្តាលឱ្យមនុស្ស ៦នាក់ផ្សេងទៀតរងរបួស។
ទីក្រុងអង់តាណាណារីវ៉ូ គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។ការិយាល័យជាតិសម្រាប់ហានិភ័យ និងការគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា មនុស្សសរុបចំនួន ២៧៤ នាក់បានរងផលប៉ះពាល់ ដោយមានផ្ទះសម្បែងចំនួន ២៦ខ្នងត្រូវបានរងការខូចខាត។
ទីក្រុងអង់តាណាណារីវ៉ូបានជំរុញឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ និងបានអំពាវនាវឱ្យគ្រួសារទាំងអស់ដែលរស់នៅក្នុងផ្ទះប្រពៃណីចាស់ៗ ឬមិនមានសុវត្ថិភាព ជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព។
សេវាឧតុនិយមរបស់ប្រទេសម៉ាដាហ្គាស្ការបាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពភ្លៀងត្រូវបានគេរំពឹងថានឹងបន្តកើតមាននៅភាគពាយ័ព្យនៃប្រទេស និងតំបន់ខ្ពង់រាបកណ្តាលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខដោយមានភ្លៀងធ្លាក់នៅតំបន់ភាគខាងត្បូងផងដែរ។
ដោយមានទីតាំងស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌាភាគខាងលិច ប្រទេសម៉ាដាហ្គាស្ការជាធម្មតាជួបប្រទះនឹងរដូវវស្សាចាប់ពីខែវិច្ឆិកាដល់ខែមីនា។អាកាសធាតុធ្ងន់ធ្ងរដែលជារឿយៗ បណ្តាលឱ្យបាត់បង់ជីវិត ធ្វើឱ្យប្រជាជនផ្លាស់ទីលំនៅ និងជន់លិចដីកសិកម្មយ៉ាងច្រើន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





