ក្រុមហាម៉ាស់បន្តស្វែងរកសាកសពចំណាប់ខ្មាំងអ៊ីស្រាអែលចុងក្រោយនៅតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ -- ប្រភពមួយពីក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃពុធថា ក្រុមនេះបានបន្តស្វែងរកសាកសពរបស់ចំណាប់ខ្មាំងអ៊ីស្រាអែលចុងក្រោយដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា។
ប្រភពដដែលបាននិយាយទៅកាន់សារព័ត៌មាន Xinhua ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការស្វែងរកកំពុងធ្វើឡើងនៅក្នុងសង្កាត់ហ្ស៊ីតូន ភាគអាគ្នេយ៍នៃតំបន់ហ្គាហ្សា ដោយមានការចូលរួមពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។ ប្រតិបត្តិការនេះប្រឈមមុខនឹងបញ្ហាសំខាន់ៗដោយសារតែការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយពីប្រតិបត្តិការយោធាអ៊ីស្រាអែលក្នុងអំឡុងសង្គ្រាម និងកង្វះខាតឧបករណ៍ចាំបាច់។
សារព័ត៌មាន Kan TV News ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលក៏បានរាយការណ៍ពីកិច្ចខិតខំប្រឹងប្រែងដែលបានបន្តឡើងវិញដោយក្រុមហាម៉ាស់ និងគណៈកម្មាធិការ ICRC ដើម្បីស្វែងរកសាកសពរបស់ប៉ូលីសអ៊ីស្រាអែល លោក រ៉ាន់ វីលី (Ran Gvili)។
សកម្មភាពនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu)ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Kan TV ថា អ៊ីស្រាអែលនឹងមិន«បើកច្រកឆ្លងកាត់ទីក្រុងរ៉ាហ្វាហ៍ឡើងវិញទេ រហូតដល់សាកសពរបស់លោក វីលី ត្រូវបានប្រគល់មកវិញ»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





