ប្រធានាធិបតីអាស៊ែបៃហ្សង់សរសើរភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីអាស៊ែបៃហ្សង់លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) បានហៅភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ប្រទេសលោកជាមួយប្រទេសចិនថា «ជាជោគជ័យដ៏អស្ចារ្យ»។
ក្នុងអំឡុងពេលសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក លោក អាលីយ៉េវ បាននិយាយថា ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនៅឆ្នាំ២០២៥ បានជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិនយ៉ាងខ្លាំង ដែលផ្តល់នូវកម្លាំងចលករដ៏រឹងមាំសម្រាប់អាជីវកម្ម និងភ្នាក់ងាររដ្ឋាភិបាលក្នុងការបង្កើនទំនាក់ទំនង។
លោកប្រធានាធិបតីក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុនចិនកំពុងចូលរួមយ៉ាងសកម្មក្នុងការសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់នៅក្នុងប្រទេសអាស៊ែបៃហ្សង់ ដោយលោកបានបន្ថែមថាគម្រោងដំឡើងក្នុងស្រុកសម្រាប់ឡានក្រុងអគ្គិសនីដែលពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតរថយន្តចិនបានចាប់ផ្តើមរួចហើយ។
លោក អាលីយ៉េវ បានមានប្រសាសន៍ថា «នៅពេលដែលយើងសម្រេចចិត្តអភិវឌ្ឍមិនត្រឹមតែថាមពលបៃតងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការដឹកជញ្ជូនបៃតងផងដែរ យើងត្រូវជ្រើសរើសដៃគូយុទ្ធសាស្ត្រ ហើយជម្រើសបានធ្លាក់ទៅលើក្រុមហ៊ុនចិន»។ លោកបានបន្ថែមថា វិជ្ជាជីវៈគុណភាព និងល្បឿននៃការអនុវត្តគម្រោង «បានបញ្ជាក់ពីភាពត្រឹមត្រូវនៃជម្រើសទាំងនេះ»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





