រដ្ឋមន្ត្រីការបរទេសចិននឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចំនួនបួននៅទ្វីបអាហ្វ្រិក និងចូលរួមពិធីមួយនៅទីស្នាក់ការកណ្តាលសហភាពអាហ្រ្វិក
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ -- យោងតាមការប្រកាសរបស់ក្រសួងការបរទេសចិន បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី នឹងបំពេញទស្សនកិច្ចនៅប្រទេសអេត្យូពី សូម៉ាលី តង់ហ្សានី និងឡេសូតូ តាមការអញ្ជើញចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមករា។
យោងតាមសេចក្តីប្រកាសនេះ លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន នឹងចូលរួមពិធីបើកឆ្នាំផ្លាស់ប្តូរប្រជាជនចិន-អាហ្វ្រិក នៅទីស្នាក់ការកណ្តាលសហភាពអាហ្វ្រិក (AU)។
លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួង បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា ឆ្នាំ២០២៦គឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសចិន និងអាហ្វ្រិក។ដំណើរទស្សនកិច្ចរបស់លោក វ៉ាង ទៅកាន់ប្រទេសអាហ្វ្រិកទាំងបួន និងការចូលរួមរបស់លោកនៅក្នុងពិធីបើកឆ្នាំផ្លាស់ប្តូរប្រជាជនចិន-អាហ្វ្រិកដើម្បីបន្តប្រពៃណីដ៏ល្អរបស់រដ្ឋមន្ត្រីការបរទេសចិន ដែលជ្រើសរើសប្រទេសអាហ្វ្រិកសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងជារៀងរាល់ឆ្នាំក្នុងរយៈពេល ៣៦ឆ្នាំកន្លងមកនេះ។
ប្រទេសអេត្យូពី សូម៉ាលី តង់ហ្សានី និងឡេសូតូ សុទ្ធតែជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសចិន ហើយគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក វ៉ាង គឺដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយជាមួយគ្រប់ភាគីទាំងអស់។
លោកស្រី ម៉ៅ បាននិយាយថា ដំណើរទស្សនកិច្ចនេះក៏មានគោលបំណងលើកកម្ពស់ការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលទីក្រុងប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ដោយពង្រឹងការរៀនសូត្រគ្នាទៅវិញទៅមករវាងប្រទេសចិន និងអាហ្វ្រិក ក្នុងនាមជាអរិយធម៌សំខាន់ពីរនិងការសាងសង់សហគមន៍ចិន-អាហ្វ្រិក ដែលមានអនាគតរួមគ្នាសម្រាប់យុគសម័យថ្មី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





