ឡាវកំណត់គោលដៅកំណើនប្រចាំឆ្នាំ ៦% ក្នុងឆ្នាំ២០២៦-២០៣០
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីឡាវ លោក សុនសាយ ស៊ីផាន់ដូន (Sonexay Siphandone) បានបង្ហាញផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិរយៈពេលប្រាំឆ្នាំលើកទី១០ (ឆ្នាំ២០២៦-២០៣០) ដែលមានគោលបំណងកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមប្រចាំឆ្នាំយ៉ាងហោចណាស់ ៦%។ គោលដៅដ៏មានមហិច្ឆតានេះធ្វើឡើងបន្ទាប់ពីមានកំណើនយឺត (៤,២៤%) ដែលបណ្តាលមកពីជំងឺរាតត្បាត និងអស្ថិរភាពពិភពលោក។ គោលដៅចម្បង គឺដើម្បីផ្លាស់ប្តូរប្រទេសឡាវចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចបំផុត (LDC) ដោយការកសាងសេដ្ឋកិច្ចដែលពឹងផ្អែកលើខ្លួនឯង និងបង្កើនផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ៗឱ្យបានដល់ ៣.១០៤ដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០៣០។
ផែនការនេះកំណត់វិស័យសេវាកម្មជាម៉ាស៊ីនសំខាន់នៃកំណើន ដែលគាំទ្រដោយវិស័យឧស្សាហកម្ម និងកសិកម្ម។ ដើម្បីធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រដ្ឋាភិបាលឡាវមានគោលបំណងទប់ស្កាត់អតិផរណាឱ្យនៅក្រោម ៥% និងកាត់បន្ថយបំណុលសាធារណៈឱ្យនៅក្រោម ៧០% នៃផលិតផលក្នុងស្រុកសរុប។ វិធានការសារពើពន្ធសំខាន់ៗរួមមាន ការធ្វើឌីជីថលតូបនីយកម្មកម្មការគ្រប់គ្រងរដ្ឋ និងការបង្កើនចំណូលថវិកាតាមរយៈការពង្រីកការប្រមូលពន្ធលើដីធ្លី សំណង់ និងបរិស្ថាន។
ក្រៅពីហិរញ្ញវត្ថុ យុទ្ធសាស្ត្រនេះគូសបញ្ជាក់ពីគោលបំណងយុទ្ធសាស្ត្រចំនួនប្រាំមួយដែលផ្តោតទៅលើការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ និងធនធានមនុស្ស។ គោលដៅសង្គមរួមមាន ការកាត់បន្ថយអត្រាភាពក្រីក្រឱ្យនៅក្រោម ១០% ខណៈដែលគោលដៅបរិស្ថានមានគោលបំណងគ្របដណ្តប់ព្រៃឈើ ៧០% និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ៦០%។ នាយករដ្ឋមន្ត្រីឡាវបានសង្កត់ធ្ងន់ថា កំណែទម្រង់ស្ថាប័នកាន់តែស៊ីជម្រៅ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺមានសារៈសំខាន់ណាស់ដើម្បីជំនះបញ្ហាប្រឈមផ្នែករូបិយប័ណ្ណ និងធានាបាននូវភាពធន់រយៈពេលវែង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





