ទឹកជំនន់ភ្លាមៗសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់នៅឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ -- យ៉ាងហោចណាស់មានមនុស្ស១៤នាក់បានស្លាប់ និង ០៤នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាមៗបានវាយប្រហារខេត្តស៊ូឡាវេស៊ីខាងជើងក្នុងប្រទេសឥណ្ឌូណេស៊ីខណៈដែលភ្លៀងធ្លាក់ខ្លាំងអូសបន្លាយពេលយូរនៅតែបន្តបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងទ្រព្យសម្បត្តិនៅទូទាំងតំបន់ជាច្រើននៃប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
លោក នូរីអាឌីន គូម៉េឡេង (Nuriadin Gumeleng) អ្នកនាំពាក្យរបស់ទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងដែលបានចាប់ផ្តើមកាលពីព្រឹកព្រលឹមថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ បានបង្កឱ្យមានគ្រោះទឹកជំនន់ភ្លាមៗនៅលើកោះស៊ីអូ (Siau) ក្នុងតំបន់ស៊ីអូ តាគូឡាន់ដាង ប៊ីអារ៉ូ (Siau Tagulandang Biaro) ដែលធ្វើឱ្យប្រជាជនជាច្រើនមានការភ្ញាក់ផ្អើល។
ក្រុមជួយសង្គ្រោះចំនួន ១៦នាក់ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកអ្នកបាត់ខ្លួនទាំង ០៤នាក់។ គិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦យ៉ាងហោចណាស់មានមនុស្ស ១៨នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានរងរបួស។ អាជ្ញាធរកំពុងបន្តប្រមូលព័ត៌មានពីប្រជាជនក្នុងតំបន់ ដើម្បីកំណត់ថា តើមានជនរងគ្រោះដែលមិនទាន់បានរាប់បញ្ចូលបន្ថែមទៀតឬអត់។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៊ី បាននិយាយថាយ៉ាងហោចណាស់មនុស្សចំនួន ៤៤៤នាក់ត្រូវបានជម្លៀសទៅកាន់សាលារៀន និងព្រះវិហារក្នុងស្រុក បន្ទាប់ពីមានគ្រោះទឹកជំនន់។ អាជ្ញាធរមូលដ្ឋានបានចល័តគ្រឿងចក្រដើម្បីសម្អាតផ្លូវដែលស្ទះដោយភក់ និងកម្ទេចកម្ទី។
លោក យូលីស ស៊ែលវ៉ានុស (Yulius Selvanus) អភិបាលខេត្តស៊ូឡាវេស៊ីខាងជើង បានបញ្ជាក់ថា គ្រោះទឹកជំនន់ភ្លាមៗនោះបានបំផ្លាញផ្ទះរាប់រយខ្នង ក៏ដូចជាអគារសាធារណៈ និងការិយាល័យរដ្ឋាភិបាលជាច្រើន ដែលបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។
យោងតាមទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី បានឱ្យដឹងថា គ្រោះទឹកជំនន់បានកើតឡើងក្នុងអំឡុងពេលរដូវវស្សាដ៏មមាញឹកនៅលើកោះស៊ូឡាវេស៊ី។ ការព្យាករណ៍បានបង្ហាញថា នៅក្នុងខែមករា និងខែកុម្ភៈ តំបន់ជាច្រើននៅទូទាំងប្រទេសឥណ្ឌូណេស៊ី ដែលរួមទាំងកោះជ្វា កោះស៊ូឡាវេស៊ី កោះម៉ាលូគូ និងកោះប៉ាពួ នឹងបន្តប្រឈមមុខនឹងហានិភ័យខ្ពស់នៃគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដោយសារតែភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរ។
ទន្ទឹមនឹងនេះដែរ កោះស៊ូម៉ាត្រា និងកោះបូណេអូ បានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងបំផុតនៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំមុន។ នៅក្នុងខែវិច្ឆិកា ឆ្នាំមុនគ្រោះទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូនបានសម្លាប់មនុស្សជាង ១.០០០នាក់នៅកោះស៊ូម៉ាត្រា ហើយមនុស្សរាប់រយនាក់នៅតែបាត់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





