ភ្នំភ្លើងនៅឥណ្ឌូណេស៊ីផ្ទុះឡើង ៣១ដងក្នុងរយៈពេល ៦ម៉ោង
AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ -- ស្ថានីយ៍ត្រួតពិនិត្យភ្នំភ្លើងSemeru (PGA) របស់ប្រទេសឥណ្ឌូណេស៊ី នៅក្នុងស្រុកលូម៉ាចាង ខេត្តជ្វាខាងកើត បានកត់ត្រាការផ្ទុះឡើងចំនួន ៣១ដងដែលទាក់ទងនឹងភ្នំភ្លើងកាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦។
របាយការណ៍មួយពីស្ថានីយ៍ PGA Semeru នៅភ្នំភ្លើង Sawur បានបង្ហាញថា ការរញ្ជួយដែលទាក់ទងនឹងការផ្ទុះមានទំហំពី ១១-២២មីលីម៉ែត្រនិងមានរយៈពេលពី ៦៤-១១៥វិនាទី ដែលបង្ហាញថា សកម្មភាពភ្នំភ្លើងនៅតែស្មុគស្មាញ។
មជ្ឈមណ្ឌលកាត់បន្ថយគ្រោះថ្នាក់ភ្នំភ្លើង និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី(PVMBG) បានណែនាំដល់ប្រជាជនកុំឱ្យចូលទៅក្នុងតំបន់ភាគអាគ្នេយ៍តាមបណ្តោយអូរ Besuk Kobokan ក្នុងរង្វង់កាំ ១៣គីឡូម៉ែត្រពីកំពូលភ្នំដែលជាតំបន់ដែលមានហានិភ័យខ្ពស់ដែលរងផលប៉ះពាល់ដោយលំហូរឧស្ម័នក្តៅ និងកម្អែលភ្នំភ្លើង។
ប្រជាជនក៏ត្រូវបានស្នើសុំឱ្យជៀសវាងតំបន់ក្នុងចម្ងាយ ៥០០ម៉ែត្រពីច្រាំងទន្លេតាមបណ្តោយអូរ Besuk Kobokan ដោយសារតែហានិភ័យនៃឧស្ម័នក្តៅ និងលំហូរកម្អែលភ្នំភ្លើងដែលឡើងដល់កម្ពស់ ១៧គីឡូម៉ែត្រពីកំពូលភ្នំ។
មជ្ឈមណ្ឌល PVMBG ក៏បានព្រមានដល់ប្រជាពលរដ្ឋកុំឱ្យធ្វើសកម្មភាពក្នុងរង្វង់ ៥គីឡូម៉ែត្រជុំវិញរណ្ដៅភ្នំភ្លើង ជាកន្លែងដែលថ្មភ្នំភ្លើងអាចផ្ទុះបាន ហើយត្រូវប្រុងប្រយ័ត្នចំពោះការលេចចេញនូវពពកក្តៅ លំហូរកម្អែលភ្នំភ្លើង និងលំហូរភក់ភ្នំភ្លើង (lahar) នៅតាមបណ្តោយទន្លេដែលមានប្រភពមកពីកំពូលភ្នំសេម៉េរុផងដែរ។
លោក អ៊ីសនុករ៉ូហូ (Isnugroho) ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយតំបន់ មូម៉ាចាង (BPBD) បាននិយាយថា លំហូរកម្អែលភ្នំភ្លើង និងឧស្ម័នក្តៅអាចត្រូវបានគេសង្កេតឃើញនៅពេលយប់។ លោកក៏បានព្រមានផងដែរថា ហានិភ័យនៃលំហូរភក់ភ្នំភ្លើងអាចបន្តកើតមាននៅដើមខែឆ្នាំ២០២៦។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី(BMKG) បានព្យាករណ៍ថានឹងបន្តមានភ្លៀងធ្លាក់ខ្លាំងនៅជុំវិញភ្នំសេម៉េរុក្នុងរយៈពេលខាងមុខ។ អាជ្ញាធរកំពុងរក្សាស្ថានភាពប្រុងប្រយ័ត្នខ្ពស់ដើម្បីឆ្លើយតបទៅនឹងសកម្មភាពភ្នំភ្លើងដែលអាចកើនឡើងនៅភ្នំសេម៉េរុ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





