ភេរវករសម្លាប់មនុស្សជាង ៣០នាក់ និងចាប់ពង្រត់មនុស្សរាប់សិបនាក់នៅកណ្តាលប្រទេសនីហ្សេរីយ៉ា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ -- ប៉ូលីសបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សជាង ៣០នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតត្រូវបានចាប់ពង្រត់ដោយជនសង្ស័យជាភេរវករដែលបានវាយប្រហារភូមិមួយក្នុងរដ្ឋនីហ្សេ នៅកណ្តាលប្រទេសនីហ្សេរីយ៉ា។
លោក វ៉ាស៊ីយូ អាប៊ីអូដុន (Wasiu Abiodun) អ្នកនាំពាក្យប៉ូលីសនៅរដ្ឋនីហ្សេ បានប្រាប់សារព័ត៌មាន Xinhua តាមទូរស័ព្ទថា ភេរវករបានបង្កការបំផ្លិចបំផ្លាញនៅតំបន់ Kasuwan-Daji ដែលជាផ្សារធំមួយដែលមានទីតាំងនៅភូមិដេម៉ូ ក្នុងស្រុកកាបេ របស់រដ្ឋកាលពីល្ងាចថ្ងៃសៅរ៍។
លោក អាប៊ីអូដុន បាននិយាយថា មូលហេតុនៃអ្នកវាយប្រហារនៅតែមិនទាន់ដឹងនៅឡើយ ដោយលោកបានកត់សម្គាល់ថា ក្រុមភ្នាក់ងារសន្តិសុខចម្រុះមួយក្រុមបានទៅពិនិត្យលើភូមិរួចហើយ ដើម្បីស៊ើបអង្កេតហេតុការណ៍នេះ និងជួយសង្គ្រោះជនរងគ្រោះ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានដាក់តួលេខអ្នកស្លាប់ និងរបួសនៅត្រឹម ៣៧នាក់ ដោយដកស្រង់សម្តីអ្នកស្រុកដែលនិយាយថា អ្នកភូមិជាច្រើនទៀតអាចរងផលប៉ះពាល់។
ការវាយប្រហារដោយអាវុធគឺជាការគំរាមកំហែងសន្តិសុខចម្បងនៅក្នុងតំបន់ភាគខាងជើង និងភាគកណ្តាលរបស់ប្រទេសនីហ្សេរីយ៉ា ដែលនាំឱ្យមានការស្លាប់ និងការចាប់ជំរិតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





