ប្រធានាធិបតីអេហ្ស៊ីបជួបជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតស្តីពីទំនាក់ទំនងនិងបញ្ហាក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដេល ហ្វាតតាហ៍ អាល់ ស៊ីស៊ី (Abdel-Fattah al-Sisi) និងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក ហ្វៃសាល ប៊ីន ហ្វារហាន់ អាល់ ស៊ូដ (Faisal bin Farhan Al Saud) បានជួបគ្នាកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់។
យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអេហ្ស៊ីប បានឱ្យដឹងថា លោក ស៊ីស៊ី បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការសម្រេចបាននូវការអភិវឌ្ឍ និងវិបុលភាពនៅក្នុងព្រះរាជាណាចក្រ ដោយលោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសអេហ្ស៊ីបក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយប្រទេសអារ៉ាប៊ីសាអូឌីត។
ប្រធានាធិបតីអេហ្ស៊ីបក៏បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការរៀបចំសន្និសីទដ៏ទូលំទូលាយមួយ ដែលនាំភាគីយេម៉ែនភាគខាងត្បូងមកជួបជុំគ្នាដើម្បីពិភាក្សាគ្នា។
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រក្នុងការពង្រឹងទំនាក់ទំនងរឹងមាំជាមួយប្រទេសអេហ្ស៊ីប និងបង្កើនការពិគ្រោះយោបល់លើផ្នែកនយោបាយទ្វេភាគី។
កិច្ចប្រជុំនេះបានដោះស្រាយបញ្ហាក្នុងតំបន់ដែលកំពុងមានភាពតានតឹង។ ភាគីទាំងពីរបានឯកភាពគ្នាលើតម្រូវការសម្រាប់ដំណោះស្រាយដោយសន្តិវិធី ដែលគាំទ្រដល់អធិបតេយ្យភាពរដ្ឋ និងបូរណភាពទឹកដី ដោយផ្តោតលើប្រទេសស៊ូដង់ យេម៉ែន សូម៉ាលី និងតំបន់ហ្គាហ្សា។
រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបានមកដល់ទីក្រុងគែរ សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការកាលពីល្ងាចថ្ងៃអាទិត្យ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





