ឧបនាយករដ្ឋមន្ត្រីចិនអំពាវនាវឱ្យមានសហគមន៍ចិន-ប៉ាគីស្ថាន កាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ -- លោក ឌីង ស៊ូស៊ាង (Ding Xuexiang) ឧបនាយករដ្ឋមន្ត្រីចិន បានជួបជាមួយលោក ម៉ូហាម៉ាដ អ៊ីសាក ដារ (Mohammad Ishaq Dar) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន នៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីពន្លឿនការកសាងសហគមន៍ចិន-ប៉ាគីស្ថាន ដែលកាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នានៅក្នុងយុគសម័យថ្មី និងបន្តលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងពីរ។
លោក ឌីង ដែលជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានមានប្រសាសន៍ថា មេដឹកនាំប្រទេសទាំងពីរបានឈានដល់ការយោគយល់គ្នាថ្មីៗ និងសំខាន់ៗទាក់ទងនឹងការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងទ្វេភាគីនៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីឆ្នាំមុន។
លោក ឌីង បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសប៉ាគីស្ថាន ដើម្បីអនុវត្តន៍តាមការណែនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ពង្រឹងទំនុកចិត្តគ្នាខាងនយោបាយ និងការគាំទ្រគ្នាទៅវិញទៅមក ធ្វើឱ្យផែនការអភិវឌ្ឍន៍កាន់តែប្រសើរឡើង បង្កើនគុណភាព និងការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបង្កើនការទំនាក់ទំនង និងការសម្របសម្រួលទាក់ទងនឹងកិច្ចការអន្តរជាតិ និងតំបន់សំខាន់ៗ។
ដោយកត់សម្គាល់ថា ការរក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិន គឺជាមូលដ្ឋានគ្រឹះនៃគោលនយោបាយការបរទេសរបស់ប្រទេសប៉ាគីស្ថាន លោក ដារ បាននិយាយថា ប្រទេសប៉ាគីស្ថានប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយមានឆន្ទៈក្នុងការយកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតជាឱកាសមួយដើម្បីលើកកម្ពស់ការអភិវឌ្ឍជាបន្តបន្ទាប់នៃភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់កាលៈទេសៈរវាងប្រទេសប៉ាគីស្ថាន និងប្រទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





