លោក ស៊ី អបអរសាទរលោក ឌូមប៊ូយ៉ា ដែលជាប់ឆ្នោតជាប្រធានាធិបតីហ្គីណេ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃអាទិត្យ បានផ្ញើសារអបអរសាទរទៅកាន់ លោក ម៉ាម៉ាឌី ឌូមប៊ូយ៉ា (Mamady Doumbouya) ក្នុងឱកាសដែលលោកត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃប្រទេសហ្គីណេ។
នៅក្នុងសាររបស់លោក លោក ស៊ី បានកត់សម្គាល់ថា ប្រទេសហ្គីណេគឺជាប្រទេសអាហ្វ្រិកដំបូងគេនៅអនុតំបន់សាហារ៉ាដែលបានបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន។
លោកបាននិយាយថា ភាគីទាំងពីរបានប្រកាន់ខ្ជាប់នូវការគោរពគ្នា សមភាព និងផលប្រយោជន៍ទៅវិញទៅមកជាយូរមកហើយ គាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់ធំៗ ព្រមទាំងបានអនុវត្តន៍កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាសម្រាប់ការអភិវឌ្ឍរួម។
លោក ស៊ី ក៏បាននិយាយផងដែរថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ហ្គីណេ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយលោក ឌូមប៊ូយ៉ា ដើម្បីការអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ប្រទេសទាំងពីរ ហើយធ្វើការរួមចំណែកកាន់តែច្រើនក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងពីរ និងលើកកម្ពស់សាមគ្គីភាពនៅក្នុងតំបន់ភាគខាងត្បូងសកល៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





