ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាជំរុញឱ្យសហរដ្ឋអាមេរិកសហការទៅលើរបៀបវារៈនៃកិច្ចសហប្រតិបត្តិការ បន្ទាប់ពីការចាប់ខ្លួនលោក ម៉ាឌូរ៉ូ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា លោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodriguez) បាននិយាយកាលពីថ្ងៃអាទិត្យថា លោកស្រីកំពុងអញ្ជើញរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យធ្វើការជាមួយប្រទេសរបស់លោកស្រី បន្ទាប់ពីការវាយឆ្មក់ដោយកងកម្លាំងអាម៉េរិក ដោយលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) និងភរិយារបស់លោកត្រូវបានចាប់ខ្លួន ហើយត្រូវបាននាំទៅកាន់សហរដ្ឋអាមេរិកដើម្បីប្រឈមមុខនឹងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ីស្តាក្រាមរបស់សហរដ្ឋអាមេរិកថា «យើងសូមអញ្ជើញរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យសហការជាមួយយើងទៅលើរបៀបវារៈនៃកិច្ចសហប្រតិបត្តិការ ដែលផ្តោតសំខាន់លើការអភិវឌ្ឍរួមគ្នាក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ ដើម្បីពង្រឹងការរួមរស់ជាមួយគ្នាយូរអង្វែង»។
លោកស្រីបានសរសេរថា «យើងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរឆ្ពោះទៅរកទំនាក់ទំនងអន្តរជាតិដែលមានតុល្យភាព និងគោរពគ្នារវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា និងរវាងវេណេស៊ុយអេឡា និងប្រទេសដទៃទៀតនៅក្នុងតំបន់ ដោយផ្អែកលើសមភាពអធិបតេយ្យភាព និងមិនជ្រៀតជ្រែក»។
លោកស្រី រ៉ូឌ្រីហ្គេស បាននិយាយថា «លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ប្រជាជនរបស់យើង និងតំបន់របស់យើងសមនឹងទទួលបានសន្តិភាព និងការសន្ទនា មិនមែនសង្គ្រាមទេ» ដោយលោកស្រីបានបន្ថែមថា «នេះតែងតែជាសាររបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ហើយវាជាសាររបស់ប្រជាជនវេណេស៊ុយអេឡាទាំងមូលនៅពេលនេះ»។
កាលពីព្រឹកថ្ងៃអាទិត្យ នៅពេលសួរអំពីលោកស្រី រ៉ូឌ្រីហ្គេស លោក ដូណាល់ ត្រាំ បានឆ្លើយតបថា លោកស្រីកំពុង «សហការ» ខណៈដែលលោកក៏បានព្រមានផងដែរថា លោកស្រីនឹងប្រឈមមុខនឹងស្ថានភាពដែលប្រហែលជាអាក្រក់ជាងលោក ម៉ាឌូរ៉ូ ប្រសិនបើលោកស្រីមិនធ្វើដូច្នេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





