លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិក «ទទួលខុសត្រូវ» លើប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីប្រតិបត្តិការយោធា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងទទួលខុសត្រូវទៅលើប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីប្រតិបត្តិការយោធាមួយ ដែលមេដឹកនាំប្រទេសនេះ គឺលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) និងភរិយារបស់លោកត្រូវបានចាប់ខ្លួន ហើយនាំទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ។
នៅពេលសួរថា តើលោកបាននិយាយជាមួយអនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodriguez) ដែលត្រូវបានតែងតាំងដោយតុលាការកំពូលរបស់ប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃសៅរ៍ សម្រាប់តំណែងជាប្រធានាធិបតីស្តីទីរបស់ប្រទេសនេះដែរឬទេ? លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា «យើងកំពុងដោះស្រាយជាមួយអ្នកដែលទើបតែស្បថចូលកាន់តំណែង។ កុំសួរខ្ញុំថាអ្នកណាជាអ្នកទទួលខុសត្រូវ ព្រោះខ្ញុំនឹងផ្តល់ចម្លើយដល់អ្នក ហើយវានឹងមានភាពចម្រូងចម្រាសខ្លាំង»។
នៅពេលសួរអំពីអ្វីដែលលោកចង់មានន័យ លោកបានឆ្លើយតបថា «យើងជាអ្នកទទួលខុសត្រូវ»។
នៅពេលសួរថា តើលោកត្រូវការអ្វីពីលោកស្រី រ៉ូឌ្រីហ្គេស លោកបាននិយាយថា «យើងត្រូវការសិទ្ធិចូលប្រើប្រាស់ទាំងស្រុង។ យើងត្រូវការសិទ្ធិចូលប្រើប្រាស់ប្រេង និងរបស់របរផ្សេងៗទៀតនៅក្នុងប្រទេសរបស់ពួកគេ ដែលអនុញ្ញាតឱ្យយើងកសាងប្រទេសរបស់ពួកគេឡើងវិញ»។
លោក ដូណាល់ ត្រាំ បានគំរាមកំហែងថា លោកស្រី រ៉ូឌ្រីហ្គេស «នឹងប្រឈមមុខនឹងស្ថានភាពដែលប្រហែលជាអាក្រក់ជាងលោក ម៉ាឌូរ៉ូ» ប្រសិនបើលោកស្រីមិនសហការជាមួយសហរដ្ឋអាមេរិក។
លោក ត្រាំ បាននិយាយថា ក្រុមហ៊ុនប្រេងធំៗរបស់សហរដ្ឋអាមេរិកនឹងត្រូវបាននាំចូលមកដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសវេណេស៊ុយអេឡាឡើងវិញ ដោយលោកបាននិយាយថា ពួកគេនឹងវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាម៉េរិកដោយគ្មានមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោកបាននិយាយថា «ក្រុមហ៊ុនប្រេងធំៗនឹងចូលទៅ ហើយពួកគេនឹងជួសជុលហេដ្ឋារចនាសម្ព័ន្ធ។ ពួកគេនឹងវិនិយោគប្រាក់។ យើងនឹងមិនវិនិយោគអ្វីទាំងអស់។ យើងនឹងគ្រាន់តែថែរក្សាប្រទេសនោះប៉ុណ្ណោះ»។
លោកក៏បាននិយាយផងដែរថា បុគ្គលិកសន្តិសុខគុយបារបស់លោក ម៉ាឌូរ៉ូ មួយចំនួនធំត្រូវបានសម្លាប់ក្នុងអំឡុងពេលវាយឆ្មក់កាលពីព្រឹកថ្ងៃសៅរ៍៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





