ប្រធានសេវាសន្តិសុខអ៊ុយក្រែនលាលែងពីតំណែង ចំពេលដែលមានការរុះរើរចនាសម្ព័ន្ធយ៉ាងធំ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ -- លោក វ៉ាស៊ីល ម៉ាលីអ៊ុក (Vasyl Maliuk) ប្រធានសេវាសន្តិសុខអ៊ុយក្រែន (SBU) បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងចុះចេញពីតំណែង បន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) កាលពីដើមខែនេះអំពីការរៀបចំឡើងវិញយ៉ាងខ្លាំង។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ SBU ដែលចេញផ្សាយនៅលើបណ្តាញតេឡេក្រាម លោក ម៉ាលីអ៊ុក បាននិយាយថា លោកនឹងនៅតែស្ថិតក្នុងប្រព័ន្ធរបស់សេវាដើម្បីអនុវត្តប្រតិបត្តិការពិសេស ដែលនឹងបន្តបង្កការខូចខាតជាអតិបរមាដល់ប្រទេសរុស្ស៊ី។
លោកបានបន្ថែមថា «ខ្ញុំប្រាកដថា សេវាពិសេសដ៏រឹងមាំ និងទំនើប គឺជាគន្លឹះនៃសន្តិសុខរបស់រដ្ឋយើង។ ការផ្លាស់ប្តូរដែលប្រធានាធិបតីអ៊ុយក្រែនកំពុងអនុវត្តនៅក្នុងវិស័យការពារជាតិ គឺមានគោលបំណងសម្រាប់រឿងនេះ ហើយខ្ញុំសូមអរគុណដល់លោកប្រធានាធិបតី»។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយដែលបានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមអ៊ិច លោក ហ្សេលេនស្គី បានសរសេរថា លោកបានជួបលោក ម៉ាលីអ៊ុក ដោយលោកបានថ្លែងអំណរគុណដល់គាត់ចំពោះសេវាប្រយុទ្ធរបស់គាត់ និងស្នើឱ្យគាត់ផ្តោតទៅលើការងារនេះជាពិសេស។
លោកបានជំរុញឱ្យមានប្រតិបត្តិការបន្ថែមទៀតប្រឆាំងនឹងប្រទេសរុស្ស៊ី ក៏ដូចជា «លទ្ធផលរឹងមាំជាងមុនក្នុងការលុបបំបាត់សត្រូវ» ដែលលោកបាននិយាយថា នេះជាកន្លែងដែលលោក ម៉ាលីអ៊ុក «ស្ថិតក្នុងស្ថានភាពខ្លាំងបំផុតរបស់លោក ហើយនេះជាអ្វីដែលលោកនឹងបន្តធ្វើនៅក្នុងសេវាសន្តិសុខអ៊ុយក្រែន»។
លោកបានបន្តថា «ខ្ញុំបានប្រគល់ភារកិច្ចឱ្យលោក វ៉ាស៊ីល ម៉ាលីអ៊ុក ធ្វើឱ្យប្រតិបត្តិការរបស់យើងខ្លាំងបំផុតនៅលើពិភពលោក។ សម្រាប់ធនធានចាំបាច់ និងការគាំទ្រផ្នែកនយោបាយមានស្រាប់» ពួកគេក៏បានពិភាក្សាអំពីបេក្ខភាពដែលមានសក្តានុពលដើម្បីជំនួសតំណែងលោកជាប្រធាន SBU ផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





