ស្វីសបង្កកទ្រព្យសម្បត្តិរបស់លោក ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេស៊ុយអេឡា និងបុគ្គលដែលជាប់ពាក់ព័ន្ធជាមួយលោក
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ -- ក្រុមប្រឹក្សាសហព័ន្ធស្វីស កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យបង្កកទ្រព្យសម្បត្តិដែលកាន់កាប់នៅក្នុងប្រទេសស្វីសដោយប្រធានាធិបតីវេណេស៊ុយអេឡា លោក នូកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) និងបុគ្គលដែលពាក់ព័ន្ធនឹងលោក។
សេចក្តីថ្លែងការណ៍នេះបានសរសេរថា «នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសហព័ន្ធបានសម្រេចចិត្តបង្កកទ្រព្យសម្បត្តិ ដែលកាន់កាប់នៅក្នុងប្រទេសស្វីសដោយលោក នីកូឡាស់ ម៉ាឌូរ៉ូ និងបុគ្គលផ្សេងៗទៀតដែលពាក់ព័ន្ធនឹងលោក ដោយសេចក្តីសម្រេចនេះមានប្រសិទ្ធភាពភ្លាមៗ ដោយក្រុមប្រឹក្សាសហព័ន្ធមានគោលបំណងទប់ស្កាត់លំហូរទ្រព្យសម្បត្តិចេញ»។
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានបើកការវាយប្រហារដ៏ធំមួយលើប្រទេសវេណេស៊ុយអេឡា ដោយចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយារបស់លោក គឺលោកស្រី ស៊ីលីយ៉ា ហ្រ្លរ៉េស (Cilia Flores) ហើយនាំពួកគេទៅកាន់ទីក្រុងញូវយ៉ក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា លោក ម៉ាឌូរ៉ូ និងលោកស្រី ហ្រ្លរ៉េស នឹងប្រឈមមុខនឹងការកាត់ទោសពីបទចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹង «ភេរវកម្មគ្រឿងញៀន» និងបង្កការគំរាមកំហែង រួមទាំងចំពោះសហរដ្ឋអាមេរិកផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





