ចិនគាំទ្រចំពោះសំណើសុំឱ្យមានកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីប្រទេសវេណេស៊ុយអេឡា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ -- អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនគាំទ្រចំពោះសំណើសុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំបន្ទាន់មួយទាក់ទងនឹងប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសវេណេស៊ុយអេឡា។
លោក លីន បាននិយាយថា «ប្រទេសចិនគាំទ្រចំពោះការកោះប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាក់ទងនឹងការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកលើប្រទេសវេណេស៊ុយអេឡា និងគាំទ្រក្រុមប្រឹក្សាសន្តិសុខក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន»។
លោក លីន បានបន្ថែមថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយសហគមន៍អន្តរជាតិដើម្បីគាំទ្រយ៉ាងម៉ឺងម៉ាត់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាននៃសីលធម៌អន្តរជាតិ និងការពារយុត្តិធម៌ និងភាពមិនលំអៀងអន្តរជាតិ។
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកបានបើកការវាយប្រហារដ៏ធំមួយលើប្រទេសវេណេស៊ុយអេឡា ដោយចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) និងភរិយារបស់លោក គឺលោកស្រី ស៊ីលីយ៉ា ហ្រ្លរ៉េស (Cilia Flores) ហើយបាននាំពួកគេទៅកាន់ទីក្រុងញូវយ៉ក។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា លោក ម៉ាឌូរ៉ូ និងលោកស្រី ហ្រ្លរ៉េស នឹងប្រឈមមុខនឹងការកាត់ទោសពីបទចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹង «ភេរវកម្មគ្រឿងញៀន» និងបង្កការគំរាមកំហែង រួមទាំងចំពោះសហរដ្ឋអាមេរិកផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





