លោក ម៉ាឌូរ៉ូ និងភរិយារបស់លោកត្រូវបានបញ្ជូនទៅមណ្ឌលឃុំឃាំងក្នុងទីក្រុងប្រ៊ូកលីន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ -- សារព័ត៌មាន CNN បានរាយការណ៍ថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) និងភរិយារបស់លោក គឺលោកស្រី ស៊ីលីយ៉ា ហ្រ្លរ៉េស (Cilia Flores) ត្រូវបាននាំទៅកាន់មជ្ឈមណ្ឌលឃុំឃាំង Metropolitan ក្នុងទីក្រុងប្រ៊ូកលីន នៅភាគខាងត្បូងនៃទីក្រុងញូវយ៉ក។
បន្ទាប់ពីយន្តហោះដែលមានលោក ម៉ាឌូរ៉ូ និងលោកស្រី ហ្រ្លរ៉េស បានចុះចតនៅអាកាសយានដ្ឋាន Steward ក្នុងរដ្ឋញូវយ៉ក នៅវេលាម៉ោងប្រហែល ៤:៣០នាទីរសៀល (ម៉ោងក្នុងស្រុក) កាលពីថ្ងៃទី០៣ ខែមករាឆ្នាំ២០២៦ មេដឹកនាំវេណេស៊ុយអេឡា និងភរិយារបស់លោក ត្រូវបាននាំទៅកាន់រដ្ឋបាលអនុវត្តច្បាប់គ្រឿងញៀនសហរដ្ឋអាមេរិក (DEA) ហើយបន្ទាប់មកទៅកាន់មណ្ឌលឃុំឃាំង។
យោងតាមសារព័ត៌មាន NBC News បានឱ្យដឹងថា លោក ម៉ាឌូរ៉ូ អាចនឹងបង្ហាញខ្លួននៅតុលាការនៅទីក្រុងញូវយ៉កនៅថ្ងៃចន្ទនេះ។
រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក អ៊ីវ៉ាន់ ហ្គីល ពីនតូ (Yvan Gil Pinto) បាននិយាយកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ ថាសហរដ្ឋអាមេរិកបានវាយប្រហារលើទីតាំងស៊ីវិល និងយោធានៅទីក្រុងការ៉ាកាស។ លោកបានថ្កោលទោសចំពោះសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនថាជាការឈ្លានពានខាងយោធា។ រដ្ឋដាក់ប្រទេសក្នុងគ្រាអាសន្ននៅក្នុងប្រទេសវេណេស៊ុយអេឡា។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ (Donald Trump) បានបញ្ជាក់ពីការវាយប្រហារលើប្រទេសវេណេស៊ុយអេឡា។ យោងតាមមេដឹកនាំអាម៉េរិករូបនេះបានឱ្យដឹងថាប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយារបស់លោក ត្រូវបានចាប់ខ្លួន និងនាំចេញពីប្រទេស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖តាសស៍)





