ម៉ាឡេស៊ីចាប់ផ្តើមការស្វែងរកយន្តហោះ MH370 ដែលបាត់ខ្លួនឡើងវិញនៅមហាសមុទ្រឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ -- ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមការស្វែងរកបំណែកយន្តហោះម៉ាឡេស៊ី MH370 ឡើងវិញ បន្ទាប់ពីជាង១១ឆ្នាំដែលយន្តហោះ Boeing 777 បានបាត់ខ្លួនក្នុងអំឡុងពេលហោះហើរតាមកាលវិភាគពីទីក្រុងគូឡាឡាំពួរទៅកាន់ទីក្រុងប៉េកាំង ជាមួយនឹងមនុស្ស២៣៩នាក់នៅលើយន្តហោះនោះ។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរម៉ាឡេស៊ី។
ក្រសួងដឹកជញ្ជូនម៉ាឡេស៊ីបានរាយការណ៍ថា នាវាស្វែងរក Armada 8605 បានទៅដល់តំបន់ស្វែងរកដែលបានកំណត់ជាមួយនឹងយានជំនិះក្រោមទឹកស្វ័យប្រវត្តិចំនួនពីរគ្រឿង។
យន្តហោះ Boeing 777 ដែលដឹកមនុស្សចំនួន ២៣៩នាក់បានបាត់ខ្លួនពីអេក្រង់រ៉ាដានៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ខណៈដែលកំពុងធ្វើដំណើរពីទីក្រុងគូឡាឡាំពួរទៅកាន់ទីក្រុងប៉េកាំង ដែលវាជាអាថ៌កំបាំងដ៏អស្ចារ្យបំផុតមួយនៅក្នុងវិស័យអាកាសចរណ៍។
អ្នកដំណើរពីរភាគបី គឺជាជនជាតិចិន ខណៈដែលអ្នកដំណើរផ្សេងទៀតរួមមាន ជនជាតិម៉ាឡេស៊ី ឥណ្ឌូណេស៊ី អូស្ត្រាលី ឥណ្ឌា អាម៉េរិក ហូឡង់ និងបារាំង។
ទោះបីជាមានការស្វែងរកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ក៏ដោយ ក៏យន្តហោះនេះមិនទាន់ត្រូវបានរកឃើញនៅឡើយទេរហូតមកដល់បច្ចុប្បន្ន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





