ឥណ្ឌូណេស៊ីខិតខំគាំទ្រដល់ធុរកិច្ចខ្នាតតូចដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ -- ក្រសួងសហគ្រាសមីក្រូ ធុនតូចនិងមធ្យម (MSMEs) របស់ប្រទេសឥណ្ឌូណេស៊ី មានគោលបំណងស្តារធុរកិច្ចដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ឡើងវិញទាំងស្រុងនៅទូទាំងខេត្តកោះស៊ូម៉ាត្រាចំនួនបីក្នុងរយៈពេលមួយឆ្នាំ តាមរយៈគំនិតផ្តួចផ្តើមស្តារឡើងវិញឯកទេសមួយដែលបានចាប់ផ្តើមកាលពីពេលថ្មីៗនេះ។
យោងតាមលោក ម៉ាម៉ាន់ អាប់ឌូរ៉ាម៉ាន់ (Maman Abdurrahman)រដ្ឋមន្ត្រីក្រសួង MSMEs បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះហៅថា «គ្លីនិកBangkit MSME» ដែលកំពុងត្រូវបានអនុវត្តដើម្បីគាំទ្រដល់ក្រុមហ៊ុនធុរកិច្ចនៅក្នុងខេត្តអាឆេ ខេត្តកោះស៊ូម៉ាត្រាខាងជើង និងខេត្តកោះស៊ូម៉ាត្រាខាងលិច ដែលជាតំបន់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយគ្រោះមហន្តរាយធម្មជាតិដ៏យូរអង្វែង។ កម្មវិធីនេះនឹងធ្វើផែនទីដ៏ទូលំទូលាយមួយនៃក្រុមហ៊ុនធុរកិច្ចដែលរងផលប៉ះពាល់រហូតដល់ខែមីនាជាមូលដ្ឋានសម្រាប់អនុវត្តកញ្ចប់គាំទ្រសមស្រប។ វិធានការគាំទ្រសំខាន់ៗរួមមានការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ការកាត់បន្ថយកាតព្វកិច្ចប្រាក់កម្ចីធនាគារ ការផ្តល់មូលនិធិថ្មី និងជំនួយហិរញ្ញវត្ថុដែលអាចបត់បែនបាន ដែលសម្របសម្រួលដោយផ្ទាល់ដោយរដ្ឋាភិបាលមូលដ្ឋាន។
លោក អាប់ឌូរ៉ាម៉ាន់ បានសង្កត់ធ្ងន់ថា គ្លីនិកនេះមានភារកិច្ចធានាថាក្រុមហ៊ុនធុរកិច្ចដែលរងផលប៉ះពាល់អាចទទួលបានដើមទុនចាំបាច់ដើម្បីបន្តផលិតកម្ម និងប្រតិបត្តិការអាជីវកម្មបានយ៉ាងឆាប់រហ័ស។
កម្មវិធីនេះនឹងដំណើរការនៅទីតាំងចំនួនប្រាំបីនៅទូទាំងខេត្តអាឆេកោះស៊ូម៉ាត្រាខាងជើង និងកោះស៊ូម៉ាត្រាខាងលិច។
ក្រៅពីការសង្គ្រោះផ្នែកហិរញ្ញវត្ថុ កម្មវិធីនេះនឹងផ្តល់ឧបករណ៍ផលិតកម្មដើម្បីជួយដល់អាជីវកម្មដែលជាប់គាំងឱ្យបន្តប្រតិបត្តិការឡើងវិញហើយនឹងបម្រើជាមជ្ឈមណ្ឌលដើម្បីធ្វើទីផ្សារផលិតផលក្នុងស្រុកទៅកាន់អ្នកប្រើប្រាស់ឱ្យបានកាន់តែទូលំទូលាយ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការការពារ និងការស្តារឡើងវិញនូវសហគ្រាសធុនតូច និងមធ្យម (MSMEs) គឺជាអាទិភាពចម្បងនៅក្នុងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចក្រោយគ្រោះមហន្តរាយ។ លោកបាននិយាយថាក្រសួងក៏មានគម្រោងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) ដើម្បីធានាបាននូវការឆ្លើយតបនូវការគាំទ្រជាប្រព័ន្ធ និងទូលំទូលាយ ដោយលោកបាននិយាយបន្ថែមថា ស្ថាប័នហិរញ្ញវត្ថុកំពុងបង្កើតយុទ្ធសាស្ត្រដើម្បីបង្កើតយន្តការគាំទ្រឥណទានសមស្របសម្រាប់ក្រុមហ៊ុនធុរកិច្ច។
លោកស្រី អារីតា អារីយ៉ាន់ទី (Arieta Aryanti) នាយកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាព័ត៌មាននៃធនាគារ Sumut បាននិយាយថា គិតត្រឹមចុងខែវិច្ឆិកាឆ្នាំ២០២៥ សហគ្រាសធុនតូច និងមធ្យមចំនួន៣៣៩ នៅកោះស៊ូម៉ាត្រាខាងជើងត្រូវបានកំណត់ថាបានខ្ចីដើមទុនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ។
នៅក្នុងតំបន់អាឆេតាមីអាង វិធានការស្តារឡើងវិញត្រូវបានអនុវត្តរួចហើយនៅនឹងកន្លែង។ រដ្ឋាភិបាលបានបើកដំណើរការផ្សារពេលព្រឹកគួឡាស៊ីមប៉ាងឡើងវិញ និងបានសាងសង់តង់សង្គ្រោះចំនួន១៤០ ជាតូបបណ្តោះអាសន្នសម្រាប់អាជីវករខ្នាតតូច ដោយមានគម្រោងបន្ថែមតង់ចំនួន២០០ បន្ថែមទៀតសម្រាប់អ្នកលក់ដូរបន្ថែម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





