ឥណ្ឌូណេស៊ីអនុម័តក្រមព្រហ្មទណ្ឌថ្មី
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌូណេស៊ីបានអនុម័តជាផ្លូវការនូវក្រមព្រហ្មទណ្ឌជាតិ (KUHP) និងក្រមនីតិវិធីព្រហ្មទណ្ឌ(KUHAP) ថ្មីរបស់ខ្លួនកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការកែទម្រង់ដ៏ទូលំទូលាយនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់ប្រទេសដែលមានប្រជាជនច្រើនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ច្បាប់ថ្មីទាំងពីរនេះជំនួសបទប្បញ្ញត្តិច្បាប់ដែលមានអស់ជាច្រើនទសវត្សរ៍មកហើយ ដែលភាគច្រើនមានប្រភពមកពីសម័យអាណានិគមហើយត្រូវបានរិះគន់យ៉ាងទូលំទូលាយដោយអ្នកជំនាញ និងសាធារណជនថាហួសសម័យ មានភាពរឹងរូស និងឆ្លុះបញ្ចាំងមិនគ្រប់គ្រាន់នូវតម្លៃនីតិរដ្ឋទំនើប។
ថ្លែងនៅក្នុងពិធីប្រកាសនេះ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការច្បាប់សិទ្ធិមនុស្ស និងអន្តោប្រវេសន៍ លោក យូសរីល អ៊ីហ្សា ម៉ាហេនដ្រា(Yusril Ihza Mahendra) បាននិយាយថា ការប្រកាសអំពីក្រមថ្មីនេះបានបិទជំពូក ស្តីពីប្រព័ន្ធច្បាប់ព្រហ្មទណ្ឌដែលមានឥទ្ធិពលពីអាណានិគមរបស់ប្រទេសឥណ្ឌូណេស៊ីយ៉ាងច្បាស់លាស់។ លោកបានពិពណ៌នាអំពីការអនុវត្តនេះថាជាការបើកដំណាក់កាលថ្មីមួយក្នុងការអនុវត្តច្បាប់ជាមួយនឹងវិធីសាស្រ្តទំនើប និងមនុស្សធម៌ជាងមុន។
យោងតាមលោក យូសរីល បានឱ្យដឹងថា ក្រមព្រហ្មទណ្ឌថ្មីបានសង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើវិធីសាស្រ្តស្តារយុត្តិធម៌ឡើងវិញ ដែលមានគោលបំណងធ្វើឱ្យមានតុល្យភាពរវាងការដាក់ទណ្ឌកម្ម និងការរួមបញ្ចូលសង្គមឡើងវិញ។ បន្ថែមពីលើការកាត់ទោសនៅក្នុងពន្ធនាគារ ច្បាប់នេះអនុញ្ញាតឱ្យមានវិធានការជំនួសមួយចំនួន ដូចជាសេវាសហគមន៍ ការស្តារនីតិសម្បទា និងការសម្របសម្រួល ដែលផ្តល់នូវភាពបត់បែនកាន់តែច្រើនក្នុងការដោះស្រាយបទល្មើស ជាពិសេសករណីដែលមិនសូវធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះដែរ ក្រមនីតិវិធីព្រហ្មទណ្ឌថ្មីពង្រឹងបទប្បញ្ញត្តិគ្រប់គ្រងការស៊ើបអង្កេត និងការវិនិច្ឆ័យ រឹតបន្តឹងយន្តការត្រួតពិនិត្យសម្រាប់ភ្នាក់ងារអនុវត្តច្បាប់ និងបង្កើនការការពារសិទ្ធិ និងផលប្រយោជន៍របស់ជនរងគ្រោះនិងសាក្សី។ លក្ខណៈពិសេសគួរឱ្យកត់សម្គាល់មួយនៃក្រមថ្មីនេះ គឺការលើកទឹកចិត្តដល់ការអនុវត្តបច្ចេកវិទ្យាឌីជីថលនៅក្នុងដំណើរការព្រហ្មទណ្ឌដោយមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងប្រសិទ្ធភាពនៅទូទាំងប្រព័ន្ធយុត្តិធម៌។
អាជ្ញាធរឥណ្ឌូណេស៊ីរំពឹងថា ក្របខ័ណ្ឌច្បាប់ថ្មីនេះនឹងជាគ្រឹះរឹងមាំសម្រាប់ប្រព័ន្ធយុត្តិធម៌ដែលមានភាពយុត្តិធម៌ជាងមុន មានប្រសិទ្ធភាពជាងមុន និងសមស្របជាងមុនទៅនឹងការពិតនៃសង្គមសម័យទំនើប ខណៈដែលពង្រឹងទំនុកចិត្តសាធារណៈលើនីតិរដ្ឋ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





