រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងត្រួតពិនិត្យស្ថានភាពសន្តិសុខនៅលើយន្តហោះរបស់កងទ័ពអាកាស
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ -- យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក អាន យូប៊ែក (Ahn Gyu-back) បានធ្វើការត្រួតពិនិត្យជាលើកដំបូងរបស់លោកក្នុងឆ្នាំនេះកាលពីថ្ងៃព្រហស្បតិ៍ នៅលើយន្តហោះមួយគ្រឿង ចំពេលមានការព្រួយបារម្ភអំពីសន្តិសុខដែលនៅតែបន្តកើតមានលើប្រទេសកូរ៉េខាងជើង។
យោងតាមក្រសួងការពារជាតិ លោក អាន បានហោះហើរនៅលើយន្តហោះ E-737 Peace Eye អមដោយយន្តហោះចម្បាំង KF-21យន្តហោះចម្បាំង FA-50 និងយន្តហោះចម្បាំង TA-50 ដែលជាយន្តហោះផលិតក្នុងស្រុកដំបូងគេត្រូវបានប្រើប្រាស់សម្រាប់បេសកកម្មអមដំណើរបែបនេះ។
លោក អាន បាននិយាយថា «សន្តិភាពប្រកបដោយចីរភាពគឺអាចធ្វើទៅបាន នៅពេលដែលប្រទេសជាតិមានកម្លាំងការពារខ្លួន» ដោយលោកបានបន្ថែមថា យោធាត្រូវតែត្រៀមខ្លួនជាមុនសម្រាប់បញ្ហាប្រឈមសន្តិសុខនាពេលអនាគតតាមរយៈសមត្ថភាពការពារជាតិឯករាជ្យ។
ក្នុងអំឡុងពេលហោះហើរ លោក អាន បានពិភាក្សាជាមួយមេបញ្ជាការមកពីអង្គភាពជាច្រើន រួមទាំងប្រធានក្រុមនាវាពិឃាត ROKS Gwanggaeto the Great ដែលដាក់ពង្រាយនៅសមុទ្រខាងកើត និងមេបញ្ជាការកងវរសេនាធំម៉ារីនដែលឈរជើងនៅលើកោះ Baengnyeongជិតព្រំដែនសមុទ្រជាមួយប្រទេសកូរ៉េខាងជើង។
លោក អាន ក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការត្រៀមខ្លួនប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងការហៅទូរស័ព្ទជាមួយប្រធានអគ្គសេនាធិការចម្រុះលោក ជីន យ៉ុងស៊ុង (Jin Yong-sung)៕ នេះបើយោងតាមការិយាល័យរបស់លោក៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





