ស្លាប់ម្នាក់ និងរបួសម្នាក់ដោយសារការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅតំបន់វេសប៊ែង
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ -- យោងតាមប្រភពព័ត៌មានប៉ាឡេស្ទីនបានឱ្យដឹងថា បុរសជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសដោយសារការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ នៅភាគខាងជើងនៃតំបន់វេសប៊ែង។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅទីក្រុងរ៉ាម៉ាល់ឡាហ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ខាតតាប់ ដារ៉ាហ្គមេហ៍ (Khattab Daraghmeh) អាយុ២៦ឆ្នាំត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅក្នុងភូមិ Al-Lubban ash-Sharqiya ភាគខាងត្បូងនៃទីក្រុងណាបលូស ដោយក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ប្រភពព័ត៌មានប៉ាឡេស្ទីនក្នុងស្រុកបាននិយាយថា លោក ដារ៉ាហ្គមេហ៍និងយុវជនម្នាក់ទៀតត្រូវបានទាហានអ៊ីស្រាអែលបាញ់ និងរងរបួសនៅច្រកចូលភូមិតាមបណ្តោយផ្លូវធំដែលភ្ជាប់ទីក្រុងរ៉ាម៉ាល់ឡាហ៍ និងទីក្រុងណាបលូស។ ក្រោយមក លោក ដារ៉ាហ្គមេហ៍ ត្រូវបានប្រកាសថាស្លាប់បន្ទាប់ពីលោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យអ៊ីស្រាអែល ហើយបុរសម្នាក់ទៀតស្ថិតក្នុងស្ថានភាពមានស្ថេរភាពនៅមន្ទីរពេទ្យ Salfit ក្នុងតំបន់វេសប៊ែង។
ទន្ទឹមនឹងនេះ ប្រភពព័ត៌មានប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានវាយឆ្មក់ទីក្រុងចាបាអា ភាគខាងត្បូងនៃតំបន់ Jenin តំបន់Beit Ummar ភាគខាងជើងនៃតំបន់ Hebron ភូមិ Aqaba និងភូមិ Tammun ភាគខាងត្បូងនៃទីក្រុងទូបាស់ ដែលទីតាំងទាំងអស់ស្ថិតនៅក្នុងតំបន់វេសប៊ែង នៅថ្ងៃដំបូងនៃឆ្នាំ២០២៦។
ប្រភពព័ត៌មានបាននិយាយថា កងកម្លាំងទាំងនោះបានវាយឆ្មក់ផ្ទះសម្បែង បាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងឃុំខ្លួនប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់។ កងទ័ពអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើការវិវត្តទាំងនេះទេ។
នៅចុងខែវិច្ឆិកា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយថា កងកម្លាំងសន្តិសុខ និងអ្នកតាំងលំនៅអ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ១.០០០នាក់នៅក្នុងតំបន់វេសប៊ែង រួមទាំងទីក្រុងហ្សេរុយសាឡឹមខាងកើតផងដែរ ចាប់តាំងពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





