លោក អាប់បាស់ ៖ការកសាងរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយគឺជាការពិតដែលជៀសមិនរួច
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាហ៍មូដ អាប់បាស់ (Mahmoud Abbas) បាននិយាយកាលពីថ្ងៃពុធថា ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយគឺជា «ការពិតដែលជៀសមិនរួច»ដោយលោកបានបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនកំពុងឈានទៅមុខជាលំដាប់ឆ្ពោះទៅរកសេរីភាព និងឯករាជ្យភាព។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA លោក អាប់បាស់ បានសង្កត់ធ្ងន់លើការសម្រេចបាននូវរដ្ឋប៉ាឡេស្ទីនដែលមានអធិបតេយ្យភាពពេញលេញជាមួយនឹងទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន រួមជាមួយនឹងការវិលត្រឡប់របស់ជនភៀសខ្លួនស្របតាមដំណោះស្រាយអន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់។
លោកបាននិយាយថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងតំបន់វេសប៊ែង «កំពុងប្រឈមមុខនឹងសង្គ្រាមដ៏ឃោរឃៅបំផុតនៃការប្រល័យពូជសាសន៍ និងការសម្អាតជនជាតិភាគតិចក្នុងប្រវត្តិសាស្ត្រសម័យទំនើប»ដោយលោកបានចោទប្រកាន់អ៊ីស្រាអែលថាមិនអើពើនឹងច្បាប់អន្តរជាតិភាពស្របច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងបទឈប់បាញ់។
លោក អាប់បាស់ បានសង្កត់ធ្ងន់ថា ប្រជាជនប៉ាឡេស្ទីននឹងមិនចុះចាញ់ចាកចេញពីស្រុកកំណើតរបស់ពួកគេ ឬទទួលយកផែនការបញ្ចូល និងការផ្លាស់ទីលំនៅឡើយ។
ដោយអំពាវនាវឱ្យមានឯកភាពជាតិ លោកបានជំរុញឱ្យប្រជាជនប៉ាឡេស្ទីនរួបរួមគ្នាក្រោមអង្គការរំដោះប៉ាឡេស្ទីន ដោយហៅវាថាជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនប៉ាឡេស្ទីន។ លោកបានបន្ថែមថា តំបន់ហ្គាហ្សានឹង «វិលត្រឡប់ទៅរកភាពស្របច្បាប់ជាតិវិញ» ហើយត្រូវបានកសាងឡើងវិញជាផ្នែកកណ្តាលនៃគម្រោងជាតិប៉ាឡេស្ទីន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





