លោក ស៊ី ជីនពីង អបអរសាទរលោក ហ្គូយ ប៉ារមេលីន ក្នុងការឡើងកាន់តំណែងជាប្រធានាធិបតីស្វីស
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីចិន លោក ស៊ីជីនពីង (Xi Jinping) បានផ្ញើសារអបអរសាទរទៅកាន់លោក ហ្គូយ ប៉ារមេលីន (Guy Parmelin) ក្នុងការចូលកាន់តំណែងជាប្រធានាធិបតីនៃសហព័ន្ធស្វីស។
លោក ស៊ី បានរំលឹកថា ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសស្វីសក្នុងឆ្នាំ២០១៧ ប្រទេសទាំងពីរបានប្រកាសពីការចាប់ផ្តើមការសិក្សារួមគ្នាលើការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-ស្វីស ហើយក្រោមការជំរុញរបស់លោក ប៉ារមេលីន ការចរចាលើការធ្វើឱ្យប្រសើរឡើងនេះទទួលបាននូវវឌ្ឍនភាពវិជ្ជមាន។
បច្ចុប្បន្ននេះ លោក ស៊ី បានមានប្រសាសន៍ថា ឯកតោភាគីនិយម និងការការពារនិយមកំពុងកើនឡើង ហើយកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងពីរដើម្បីគាំទ្រពាណិជ្ជកម្មសេរី គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់អំពីការអភិវឌ្ឍកម្រិតកំពូលនៃទំនាក់ទំនងទ្វេភាគីដោយមានភាពប្រាកដប្រជា និងស្ថិរភាពកាន់តែច្រើនទៅក្នុងការអភិវឌ្ឍ និងវិបុលភាពសកល។
លោក ស៊ី បានចង្អុលបង្ហាញថា ឆ្នាំ២០២៦ គឺជាខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយភាពច្នៃប្រឌិតរវាងប្រទេសចិន-ស្វីសនិងក៏ជាឆ្នាំដំបូងនៃផែនការប្រាំឆ្នាំលើកទី១៥ របស់ប្រទេសចិន ដែលបង្ហាញពីឱកាសយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិតរវាងប្រទេសទាំងពីរ។
លោក ស៊ី បាននិយាយថា លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ស្វីស ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយលោក ប៉ារមេលីន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាបន្តបន្ទាប់ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីសម្រាប់ផលប្រយោជន៍របស់ប្រជាជនទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





