រោងចក្រថាមពលថ្មីបើកសម្ពោធនៅទីក្រុងសៀងហៃ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ -- យោងតាមក្រុមហ៊ុនបណ្តាញថាមពលអគ្គីសនីរដ្ឋនៅទីក្រុងសៀងហៃ បានឱ្យដឹងថា គម្រោងបញ្ជូន និងបម្លែងថាមពលកម្លាំង ២២០គីឡូវ៉ុល ដែលមានទីតាំងនៅតំបន់ពិសេសលីន-ហ្កាង ក្នុងទីក្រុងសៀងហៃ ដែលបានចាប់ផ្តើមដំណើរការកាលពីថ្ងៃអាទិត្យ គឺជាស្ថានីយ៍ស្នូលទីបីនៅក្នុងតំបន់ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ដោយបានដាក់គ្រឹះរឹងមាំសម្រាប់ការផ្គត់ផ្គង់ថាមពលនៃចង្កោមឧស្សាហកម្មសំខាន់ៗរបស់តំបន់ពិសេស រួមទាំងសៀគ្វីរួមបញ្ចូលគ្នា និងឧបករណ៍ទំនើបៗ។
ក្នុងអំឡុងពេលផែនការប្រាំឆ្នាំលើកទី១៤ (ឆ្នាំ២០២១-២០២៥) តំបន់ពិសេសលីន-ហ្កាង ត្រូវបានមើលឃើញនូវការរីកចម្រើនយ៉ាងទូលំទូលាយនៃបណ្តាញអគ្គិសនីរបស់ខ្លួនទាក់ទងនឹងទំហំវិនិយោគ ប្លង់កន្លែង និងសមត្ថភាពផ្គត់ផ្គង់។
ជាពិសេស ក្រុមហ៊ុនបណ្តាញរដ្ឋរបស់ទីក្រុងសៀងហៃ បានវិនិយោគទឹកប្រាក់សរុបចំនួន ៥,៨៦ប៊ីលានយន់ (៨៣៦,៣៩លានដុល្លារអាម៉េរិក) ក្នុងការអភិវឌ្ឍបណ្តាញអគ្គិសនីក្នុងរយៈពេលប្រាំឆ្នាំ។ ក្រុមហ៊ុនបានសាងសង់គម្រោងបញ្ជូន និងបម្លែងថាមពលកម្លាំង ២២០គីឡូវ៉ុលចំនួនបួន និងស្ថានីយ៍រងដែលមានកម្លាំង ១១០គីឡូវ៉ុលនួនប្រាំបី ខណៈដែលបង្កើនសមត្ថភាពសរុបចំនួន ១៣៣% ដែលផ្តល់នូវការគាំទ្រយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់តំបន់។
ការពង្រីកបណ្តាញអគ្គិសនី ដែលបានបង្កើនល្បឿនយ៉ាឆាប់រហ័សនេះបានកើតចេញពីការអនុវត្តការគ្រប់គ្រងប្រកបដោយភាពច្នៃប្រឌិត និងខ្លាំងក្លា។ វិធានការទាំងនេះបានអនុញ្ញាតឱ្យគម្រោងសំខាន់ៗចំនួន១៦ និងកម្មវិធីពាក់ព័ន្ធ ត្រូវបានដាក់ឱ្យដំណើរការយ៉ាងខ្លាំងក្លាក្នុងរយៈពេលប្រាំឆ្នាំដោយកាត់បន្ថយរយៈពេលសាងសង់ជាមធ្យមចំនួន ១០% និងសន្សំថវិកាបានជាង ១០លានយន់ក្នុងការចំណាយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





