លោក ដូណាល់ ត្រាំ៖ សេតវិមានដកកងកម្លាំងការពារជាតិចេញពីទីក្រុងឡូសអេនជើឡេស ទីក្រុងផតលែនដ៍ និងទីក្រុងឈីកាហ្គោ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា រដ្ឋាភិបាលសហព័ន្ធនឹងដកកងកម្លាំងការពារជាតិចេញពីទីក្រុងឡូសអេនជើឡេសទីក្រុងផតលែនដ៍ និងទីក្រុងឈីកាហ្គោ។ លោក ត្រាំ បានសរសើរអំពីវត្តមានរបស់ក្រុមអ្នកស្នេហាជាតិទាំងនេះ ដែលបានកាត់បន្ថយឧក្រិដ្ឋកម្មយ៉ាងច្រើននិងជួយសង្គ្រោះទីក្រុងទាំងនេះពីការបំផ្លិចបំផ្លាញ។ ទោះជាយ៉ាងណាក៏ដោយ លោកបានព្រមានថា កងកម្លាំងសហព័ន្ធនឹងត្រឡប់មកវិញក្នុងទម្រង់ខុសគ្នា និងខ្លាំងជាងមុន ប្រសិនបើអត្រាឧក្រិដ្ឋកម្មចាប់ផ្តើមកើនឡើងម្តងទៀត។
សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីរយៈពេលនៃការប៉ះទង្គិចគ្នារវាងសេតវិមាន និងមេដឹកនាំប្រជាធិបតេយ្យ ដែលលោក ត្រាំ បានដាក់ស្លាកថា«គ្មានសមត្ថភាព» ដោយសារតែចង់ឱ្យវត្តមានយោធាបញ្ចប់។ ខណៈដែលរដ្ឋបាលបានអះអាងថា កងកម្លាំងការពារជាតិ គឺចាំបាច់ដើម្បីទប់ស្កាត់កុបកម្មនិងគាំទ្រការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់យ៉ាងច្រើននោះអភិបាលក្រុង និងអភិបាលរដ្ឋប្រជាធិបតេយ្យបានថ្កោលទោសជាប់លាប់ចំពោះអន្តរាគមន៍សហព័ន្ធថា ជារឿងឃោរឃៅ និងមានការលើកទឹកចិត្តខាងនយោបាយ។
បញ្ហាប្រឈមផ្នែកច្បាប់ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដកទ័ពផងដែរ ខណៈដែលតុលាការជាច្រើនបានរារាំងដល់ការដាក់ពង្រាយកងទ័ពទៅកាន់រដ្ឋដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ។ ជាពិសេសតុលាការកំពូលសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះបានសម្រេចប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលនៅទីក្រុងឈីកាហ្គោ ដោយបានបញ្ជាក់ថាអាជ្ញាធរសហព័ន្ធបានបរាជ័យក្នុងការបញ្ជាក់ថា ពួកគេមានអំណាចផ្លូវច្បាប់ក្នុងការប្រើប្រាស់យោធាសម្រាប់ការអនុវត្តច្បាប់ក្នុងស្រុក។ ខណៈដែលការពិនិត្យឡើងវិញរបស់តុលាការកំពូលកំពុងបន្ត រដ្ឋបាលបានជ្រើសរើសយកការដកថយកងកម្លាំងការពារជាតិនៅពេលនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





