មីយ៉ាន់ម៉ាបញ្ចប់ដំណាក់កាលដំបូងនៃការបោះឆ្នោតជាសកល
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ -- លោក Zaw Min Tun ប្រធានក្រុមព័ត៌មាននៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខមីយ៉ាន់ម៉ា បាននិយាយកាលពីពេលថ្មីៗនេះថា ដំណាក់កាលដំបូងនៃការបោះឆ្នោតជាសកលប្រជាធិបតេយ្យពហុបក្សឆ្នាំ២០២៥ របស់ប្រទេសមីយ៉ាន់ម៉ា បានកត់ត្រាចំនួនអ្នកចេញទៅបោះឆ្នោតចំនួន ៥២,១៣%។
យោងតាមរូបលោក បានឱ្យដឹងថា ដំណាក់កាលដំបូងនៃការបោះឆ្នោតដែលត្រូវបានបញ្ចប់នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ បានធ្វើឡើងក្នុងឃុំចំនួន១០២ ក្នុងចំណោមឃុំសរុបចំនួន៣៣០ របស់ប្រទេស ដែលតំណាងឱ្យប្រហែលមួយភាគបីនៃចំនួនសរុប។
នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ប្រជាជនជាង ២៤,២៦លាននាក់មានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតជាសកលឆ្នាំ២០២៥។ សម្រាប់ដំណាក់កាលទីមួយនេះ អ្នកបោះឆ្នោតជាង ១១,៦៩លាននាក់ត្រូវបានចុះឈ្មោះ ហើយជាង ៦,០៩លាននាក់បានទៅបោះឆ្នោត។
លោកបានបន្ថែមថា គណបក្សនយោបាយសរុបចំនួន៥៧ បានប្រកួតប្រជែងក្នុងការបោះឆ្នោតជាសកលនេះ ដែលរួមមានទាំងគណបក្សចំនួនប្រាំមួយដែលឈរឈ្មោះនៅទូទាំងប្រទេស។ ជារួម បេក្ខភាពតំណាងរាស្រ្តនៅក្នុងសភាចំនួន ៤.៨៦៣នាក់បានប្រកួតប្រជែងក្នុងការបោះឆ្នោតជាសកលនេះ។
លោកបាននិយាយថា ក្រុមអ្នកសង្កេតការណ៍មកពីប្រទេសចំនួនប្រាំបួនបានទៅការិយាល័យបោះឆ្នោតដើម្បីតាមដានដំណាក់កាលដំបូងនៃការបោះឆ្នោតនៅថ្ងៃបោះឆ្នោត។ លើសពីនេះ បុគ្គលិកចំនួន ៣១នាក់មកពីស្ថានទូតបរទេសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមជាមួយអង្គការសារព័ត៌មានក្នុងស្រុកចំនួន៥២ អ្នកសារព័ត៌មានចំនួន១.១៧៧នាក់ អង្គការសារព័ត៌មានបរទេសចំនួន៦១ និងអ្នកសារព័ត៌មានបរទេសចំនួន ២១៥នាក់ បានចូលរួមសង្កេតមើលដំណើរការបោះឆ្នោត។
អាជ្ញាធរនឹងខិតខំប្រឹងប្រែងដើម្បីធានាបាននូវភាពជោគជ័យនៃដំណាក់កាលទីពីរ និងទីបី ដែលគ្រោងធ្វើនៅថ្ងៃទី១១ ខែមករា និងថ្ងៃទី២៥ខែមករា ឆ្នាំ២០២៦ រៀងៗខ្លួន។
រដ្ឋាភិបាលបានសម្តែងការដឹងគុណចំពោះអង្គការ និងបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធក្នុងការរៀបចំការបោះឆ្នោតជាសកលនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





