ឥណ្ឌូណេស៊ីបង្កើនកម្រិតប្រកាសអាសន្នភ្នំភ្លើងនៅក្នុងខេត្តអាឆេ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ -- ទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូណេស៊ី នៃក្រសួងថាមពល និងធនធានរ៉ែ កាលពីពេលថ្មីៗនេះ បានដំឡើងកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើងបឺនីតេឡុង នៅក្នុងខេត្តអាឆេដល់កម្រិតខ្ពស់បំផុតលំដាប់ទីពីរនៅក្នុងប្រព័ន្ធប្រកាសអាសន្នភ្នំភ្លើងបួនកម្រិតរបស់ប្រទេសនេះ។
ទីភ្នាក់ងារនេះបាននិយាយថា នេះគឺជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតដែលដាក់ទៅលើភ្នំភ្លើងបឺនីតេឡុង ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ដែលស្របពេលជាមួយនឹងរយៈពេលនៃការរញ្ជួយដីជាញឹកញាប់ដែលមានផលប៉ះពាល់ដល់តំបន់បឺន័រមេរៀ និងតំបន់អាឆេតេងហ្កា។
លោកស្រី ឡាណា សារីយ៉ា (Lana Saria) ប្រធានស្តីទីនៃទីភ្នាក់ងារនេះ បាននិយាយថា ការធ្វើឱ្យប្រសើរឡើងនូវការជូនដំណឹងនេះ មានគោលបំណងការពារប្រជាជន និងអ្នកទេសចរពីការចូលទៅជិតរណ្ដៅភ្នំភ្លើងក្នុងរង្វង់ ៤គីឡូម៉ែត្រ។ អាជ្ញាធរក៏បានព្រមានដល់ប្រជាជនឱ្យនៅឱ្យឆ្ងាយពីតំបន់ហ្វូម៉ារ៉ូឡេ និងតំបន់សូលហ្វាតារ៉ាផងដែរ ជាពិសេសក្នុងអំឡុងពេលដែលមានអាកាសធាតុមានពពក ឬភ្លៀងធ្លាក់ ព្រោះកំហាប់ឧស្ម័នពុលអាចបង្កហានិភ័យដល់អាយុជីវិត។ អាជ្ញាធរមូលដ្ឋានបានជម្លៀសប្រជាជនចេញពីភូមិចំនួនបីដែលស្ថិតនៅក្នុងរង្វង់ ២គីឡូម៉ែត្រនៃរណ្ដៅភ្នំភ្លើងនោះ។
ភ្នំភ្លើងបឺនីតេឡុង គឺជាភ្នំភ្លើងមួយដែលមានទំហំ ២.៦២៤មីលីម៉ែត្រដែលបង្កើតឡើងដោយស្រទាប់ភ្នំភ្លើង និងសម្ភារៈផ្ទុះជាច្រើនស្រទាប់ ដែលធ្វើឱ្យវាងាយនឹងផ្ទុះ និងមានគ្រោះថ្នាក់ខ្លាំង។
ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រជុំកោះមួយមានទីតាំងនៅតាមបណ្តោយ «រង្វង់ភ្លើង» ប៉ាស៊ីហ្វិក មានភ្នំភ្លើងសកម្មជាង១២០ ហើយជារឿយៗប្រឈមមុខនឹងគ្រោះថ្នាក់ភូមិសាស្ត្រ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





