លោកXi Jinping ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មី ឆ្នាំសកល២០២៦
AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥—
លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មី ឆ្នាំសកល២០២៦ នៅវេលាម៉ោង ៧យប់ ថ្ងៃទី៣១ ខែធ្នូ តាមរយៈអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងបណ្តាញអ៊ីនធឺណិត។សុន្ទរកថារបស់លោក Xi Jinping មានដូចតទៅ៖

ជម្រាបសួរ លោក លោកស្រី និងមិត្តភក្តិគ្រប់រូប៖ ខណៈពេលឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៦ ឈានចូលមកដល់ ខ្ញុំសូមប្រសិទ្ធពរដ៏ល្អបវរដល់អ្នកទាំងអស់គ្នាពីទីក្រុងប៉េកាំង ។
ឆ្នាំ២០២៥ ជាឆ្នាំបញ្ចប់ផែនការ ៥ ឆ្នាំទី១៤ របស់ចិន ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក យើងបានធ្វើកិច្ចខិតខំប្រឹងប្រែង ពុះពារឧបសគ្គនានា និងសម្រេចបានគោលដៅតាមផែនការដោយគាប់ប្រសើរ ដែលបានបោះជំហានដ៏រឹងមាំក្នុងដំណើរថ្មីនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ ទំហំសរុបនៃសេដ្ឋកិច្ចចិនទទួលបានសមិទ្ធផលបែបលោតផ្លោះថ្មីជាបន្តបន្ទាប់ តាមការប៉ាន់ប្រមាណនឹងឡើងដល់ ១៤០ ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ២០២៥ ។ កម្លាំងជាក់ស្តែងខាងសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការការពារជាតិមនិងកម្លាំងជាតិចម្រុះបានឡើងដល់កម្រិតថ្មី ។ ទឹកថ្លា ភ្នំបៃតង បានក្លាយជាមូលដ្ឋានគ្រឹះនៃរូបមន្តអភិវឌ្ឍ អារម្មណ៍ខាងការទទួលបានអារម្មណ៍ខាងសុភមង្គល និងអារម្មណ៍ខាងសុវត្ថិភាពរបស់ប្រជាជនបានកើនឡើងជាបន្តបន្ទាប់។ ដំណើររយៈពេល ៥ឆ្នាំកន្លងមក គឺមិនធម្មតាទេ ជាតិចម្រុះបានឡើងដល់កម្រិតថ្មី ។ ទឹកថ្លា ភ្នំបៃតង បានក្លាយជាមូលដ្ឋានគ្រឹះនៃរូបមន្តអភិវឌ្ឍ អារម្មណ៍ខាងការទទួលបាន អារម្មណ៍ខាងសុភមង្គល និងអារម្មណ៍ខាងសុវត្ថិភាព របស់ប្រជាជនបានកើនឡើងជាបន្តបន្ទាប់។ ដំណើររយៈពេល ៥ ឆ្នាំកន្លងមកគឺមិនធម្មតាទេ ហើយសមិទ្ធផលទាំងនេះក៏ទទួលបានដោយលំបាកដែរ ។ អ្នកទាំងអស់គ្នាបានតស៊ូព្យាយាមដោយមានការលះបង់ ដើម្បីកសាងប្រទេសចិនដ៏រីកច្រើន ។ ខ្ញុំសូមសម្តែងគារវកិច្ចចំពោះអ្នកតស៊ូព្យាយាមគ្រប់រូបដែលបានធ្វើការលះបង់ដ៏លំបាក ។
ក្នុងឆ្នាំនេះ អ្វីដែលគួរឱ្យយើងចងចាំបំភ្លេចមិនបាន គឺយើងបានរៀបចំធ្វើពិធីដង្ហែក្បួនព្យុហយាត្រារំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស បង្កើតទិវារំលឹកការស្តារអធិបតេយ្យភាពចំពោះតៃវ៉ាន់ឡើងវិញ ។ ពិធីដង្ហែក្បួនព្យុហយាត្រាមានភាពឱឡារិក និងអស្ចារ្យ ជ័យជម្នះដ៏រុងរឿងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រជារៀងរហូត ដែលបានលើកទឹកចិត្តឱ្យកុលបុត្រកុលធីតាចិនចងចាំប្រវត្តិសាស្ត្រ រំលឹកវិញ្ញាក្ខន្ធរបស់វីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត ក៏ដូចជាប្រមូលផ្តុំកម្លាំងយ៉ាងខ្លាំងក្លាសម្រាប់ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ។
យើងបានបំពេញបន្ថែមកម្លាំងចលករដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយផ្អែកលើនវានុវត្តន៍ ។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាមួយនឹងឧស្សាហកម្ម សមិទ្ធផលនៃការច្នៃប្រឌិតបានលេចចេញជាបន្តបន្ទាប់ ភាពវៃឆ្លាតសប្បនិម្មិត និងម៉ូតែលធំទទួលបានការរីកចម្រើនឥតឈប់ឈរ ការស្រាវជ្រាវ និងអភិវឌ្ឍបន្ទះឈីបដោយស្វ័យភាពទទួលបានសមិទ្ធផលថ្មី ប្រទេសចិនបានក្លាយជាអង្គភាពសេដ្ឋកិច្ចមួយក្នុងចំណោមអង្គភាពសេដ្ឋកិច្ចដែលមានកម្លាំងនវានុវត្តន៍កើនឡើងខ្ពស់បំផុត ។ យានអវកាស Tianwen-2 បានចាប់ផ្តើមដំណើររុករកនៅលំហអវកាស គម្រោងវារីអគ្គិសនី Yaluzangbu កំណាត់ក្រោមបានចាប់ផ្តើមការសាងសង់ នាវាចម្បាំងផ្ទុកយន្តហោះដែលបំពាក់ប្រពន្ធបាញ់បង្ហោះដោយបច្ចេកវិទ្យាអេឡិចត្រូម៉ាញេទិចទី១ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ មនុស្សយន្តរូបរាងមនុស្សចេះសម្តែងក្បាច់កុងហ៊្វូ ដ្រូនសម្តែងការបាញ់កាំជ្រួចចម្រុះពណ៌ ។ នវានុវត្តន៍បានជំរុញការបង្កើតកម្លាំងផលិតកម្មគុណភាពថ្មី ហើយក៏បានធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសម្បូរបែប ។
យើងបានកសាងផ្ទះខាងវិញ្ញាណដោយផ្អែកលើវប្បធម៌ ។ ដំណើរទេសចរណ៍នៅសារមន្ទីរ និងទីតាំងបេតិកភណ្ឌវប្បធម៌អរូបីមានភាពពេញនិយមជាបន្តបន្ទាប់ គម្រោងរបស់ចិនត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហ្គេមវូខុងនិងភាពយន្តគំនូរជីវចលរឿង Nazha មានប្រជាប្រិយភាពលើពិភពលោកទាំងមូល វប្បធម៌បុរាណចិនមានភាពពេញនិយមក្នុងចំណោមយុវជន ។ ទីផ្សារទេសចរណ៍វប្បធម៌មានភាពក្តៅគគុក ។ ការប្រកួតកីឡាបាល់ទាត់ និងបាល់បោះក្នុងក្រុង និងភូមិនានាបានក្លាយជានិមិត្តសញ្ញាប្រចាំតំបន់ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនទៅទស្សនា ហើយកីឡាព្រិលទឹកកកបានជំរុញទីផ្សារទេសចរណ៍រដូវរងា ។ វប្បធម៌ចិនបែបប្រពៃណី និងទំនើបបានរួមបញ្ចូលជាមួយគ្នា ដែលរំលេចពីភាពត្រចះត្រចង់កាន់តែខ្លាំង ។
យើងរួមគ្នាបង្កើត និងចែករំលែកជីវភាពដ៏ល្អបវរជាមួយគ្នា ។ ខ្ញុំបានធ្វើដំណើរទៅភូមិភាគស្វយ័ត Xizang និង Xinjiang ដើម្បីចូលរួមពិធីអបអរសាទរ ។ ពីតំបន់ព្រិលខ្ពង់រាបដល់ភ្នំ Tianshan មហាជនគ្រប់ជនជាតិបានរូបរួមគ្នាដូចគ្រាប់ផ្លែទទឹម ពួកគេបានច្រៀងចម្រៀង រាំរបាំយ៉ាងសប្បាយរីករាយដើម្បីសម្តែងការស្រឡាញ់ចំពោះមាតុប្រទស និងជីវភាពមានសុភមង្គល ។ រឿងរបស់ប្រជាជនគ្មានរឿងតូចតាចនោះទេ ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រកបអាជីពថ្មីទទួលបានការធានាថែមមួយកម្រិតទៀត ការជួសជុលលំនៅដ្ឋានចាស់ៗបានផ្តល់ភាពងាយស្រួលដល់មនុស្សវ័យជរា ។ គ្រួសារដែលមានទារកទទួលបានប្រាក់ឧបត្ថម្ភ ៣០០ យាន់ក្នុងមួយខែ ។ គ្រួសារនីមួយៗ មានជីវភាពរស់នៅដ៏ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ទើបប្រទេសជាតិទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ។
យើងបន្តបើកទូលាយចំពោះក្រៅប្រទេស ។ កិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃក្រុង Tianjin និងកិច្ចប្រជុំសកលស្តីពីស្ត្រីបានបើកធ្វើដោយជោគជ័យ ។ កំពង់ផែ ពាណិជ្ជកម្មសេរីហៃណានបានចាប់ដំណើរការនូវប្រតិបត្តិការគយពិសេសនៅកោះទាំងមូល ។ ដើម្បីឆ្លើយតបបម្រែបម្រួលអាកាសធាតុឱ្យបានល្អ ប្រទេសចិនបានប្រកាសពីការរួមចំណែកដោយម្ចាស់ការជុំថ្មី។ បន្ទាប់ពី «គំនិតផ្តួចផ្តើមសកលចំនួន៣» ខ្ញុំបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យបង្កើតប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែប្រកបដោយយុត្តិធម៌និងសមហេតុផល ។ ពិភពលោកបច្ចុប្បន្នមានការប្រែប្រួលយ៉ាងស្មុគស្មាញ តំបន់មួយចំនួននៅតែមានសង្គ្រាមដដែល ។ ជានិច្ចកាល ប្រទេសចិនតែងតែឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ហើយរីករាយធ្វើការជាមួយប្រទេសនានាដើម្បីជំរុញសន្តិភាព និងការអភិវឌ្ឍនៃពិភពលោក និងជំរុញការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ។
មុននេះមិនជាយូរប៉ុន្មាន ខ្ញុំបានចូលរួមពិធីបើកការប្រកួតកីឡាជាតិចិន ។ ខេត្តក្វាងទុង ហុងកុង និងម៉ាកាវបានរួមសហការគ្នាដើម្បីរៀបចំព្រឹត្តិការណ៍កីឡានេះយ៉ាងជោគជ័យ ពិតជារឿងគួរឱ្យរីករាយ ។ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ» ដោយម៉ឺងម៉ាត់មិនងាករេ គាំទ្រហុងកុង និងម៉ាកាវឱ្យចូលរួមក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ ដើម្បីរក្សាភាពរុងរឿង និងស្ថិរភាពយូរអង្វែង។ ជនរួមជាតិនៃត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានសាច់ឈាមតែមួយ និន្នាការប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមប្រទេសជាតិ គឺមិនអាចរារាំងបានជាដាច់ខាត ។
គណបក្សទទួលបានវឌ្ឍនភាព ទើបប្រទេសជាតិទទួលបានការអភិវឌ្ឍ ។ យើងបានអនុវត្តយ៉ាងស៊ីជម្រៅនូវការអប់រំ និងរៀនសូត្រពីស្មារតីនៃបទប្បញ្ញតិ ៨ មាត្រានៃមជ្ឈិមបក្ស ដើម្បីគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ជំរុញស្វ័យបដិវត្ត ឥរិយាបថក្នុងបក្សនិងរដ្ឋបន្តវិវឌ្ឍទៅរកនិន្នាការល្អ ។ ត្រូវប្រកាន់ខ្ជាប់បំណងដើម និងបេសកកម្ម ខិតខំជំរុញការអភិវឌ្ឍជានិរន្តរភាពរបស់បក្ស មិនឱ្យប្រជាជនខកបំណង ។
ឆ្នាំ២០២៦ ជាឆ្នាំចាប់ផ្តើមអនុវត្តផែនការ ៥ ឆ្នាំទី១៥ ។ អ្នកដែលចង់បានភាពជោគជ័យក្នុងកិច្ចការអ្វីៗត្រូវតែមានផែនការជាមុន ហើយរាល់ជំហាននីមួយៗត្រូវដើរតាមគោលដៅ ដែលបានគ្រោងទុក ។ យើងត្រូវផ្តោតលើគោលដៅ និងភារកិច្ច ពង្រឹងជំនឿចិត្ត តស៊ូព្យាយាមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់យ៉ាងប្រាកដប្រជា ធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ និងការបើកទូលាយគ្រប់ជ្រុងជ្រោយ ជំរុញវិបុលភាពសម្រាប់ទាំងអស់គ្នា បន្តចារទំព័រថ្មីនៃអច្ឆរិយចិន ។
ការស្វែងរកសុបិនទោះមានចម្ងាយឆ្ងាយយ៉ាងណាក្តី ក៏ត្រូវបោះជំហានទៅមុខ ។ យើងត្រូវមានភាពក្លាហាន មានកម្លាំងរស់រវើក និងខិតខំបំពេញភារកិច្ចដូចសេះដែលបំផាយទៅមុខ នាំគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានក្តីសុបិន និងសុភមង្គលរបស់យើង ធ្វើឱ្យចក្ខុវិស័យដ៏អស្ចារ្យក្លាយជាការពិតដ៏ល្អបវរ ។
ពន្លឺថ្ងៃនៃឆ្នាំថ្មីឆ្នាំសកលជិតនឹងរះឡើងហើយ សូមប្រសិទ្ធពរប្រទេសជាតិមានការអភិវឌ្ឍដ៏អស្ចារ្យ ប្រជាជនមានជីវភាពធូរធារ ។ ជូនពរអ្នកទាំងអស់គ្នាមានសិរីមង្គល ទទួលបានជោគជ័យគ្រប់ភារកិច្ច អ្វីៗអាចសម្រេចបានដូចក្តីប្រាថ្នា !
ប្រភព៖ វិទ្យុមិត្តភាពកម្ពុជា-ចិន





