ទាហានអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីននៅតំបន់វេសប៊ែង
AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ -- យោងតាមយោធាអ៊ីស្រាអែលនិងប្រភពព័ត៌មានប៉ាឡេស្ទីន បានឱ្យដឹងថា បុរសជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងឡានរបស់លោកដោយកងទ័ពអ៊ីស្រាអែលនៅក្នុងតំបន់វេសប៊ែង កាលពីថ្ងៃអង្គារ។
អឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានរាយការណ៍ថា មនុស្ស ៣នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានបើកការបាញ់ប្រហារលើយានយន្តមួយនៅជិតភូមិអ៊ីណាបឺស (Einabus) នៅភាគខាងជើងនៃតំបន់វេសប៊ែង។ វីដេអូដែលចរាចរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា យានយន្តនោះត្រូវបានអណ្តាតភ្លើងឆាបឆេះ។
អាជ្ញាធរកិច្ចការស៊ីវិលទូទៅរបស់ប៉ាឡេស្ទីនបានកំណត់អត្តសញ្ញាណជនរងគ្រោះថា មានឈ្មោះ កៃស៍ សាមី ចាសសឺ អាល់ឡាន (Qais Sami Jasser Allan) អាយុ ២០ឆ្នាំ។
ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA បានដកស្រង់សម្តីរបស់សាក្សីថា ក្រុមទាហានអ៊ីស្រាអែលមួយក្រុមបានវាយប្រហារក្នុងភូមិ ដោយបើកការបាញ់ប្រហារលើផ្ទះរបស់គ្រួសារប៉ាឡេស្ទីន និងយានយន្តមួយនៅលើផ្លូវ។
យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាទាហានប៉ាឡេស្ទីនម្នាក់បានព្យាយាមវាយប្រហារទាហានដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់នោះ។ យោធាបាននិយាយថា «ជាការឆ្លើយតប ទាហានបានបាញ់ទៅលើអ្នកវាយប្រហារ ហើយបានសម្លាប់ជននោះចោល»។ មិនមានរបាយការណ៍អំពីរបួសក្នុងចំណោមកងទ័ពអ៊ីស្រាអែលទេ។
យោងតាមការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់ទឹកដីប៉ាឡេស្ទីន បានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែល និងអ្នកតាំងទីលំនៅបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១.០០០នាក់នៅក្នុងតំបន់វេសប៊ែង ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





