លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមិនបានព្រមព្រៀងគ្នា ១០០% ទៅលើបញ្ហាតំបន់វេសប៊ែងទេ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃចន្ទថាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលមិនបានព្រមព្រៀងគ្នា «១០០%» ទៅលើតំបន់វេសប៊ែងទេ ប៉ុន្តែនៅទីបំផុតនឹងឈានដល់ការសន្និដ្ឋានមួយ។
នៅពេលដែលត្រូវបានសួរថា តើលោកមានការព្រួយបារម្ភអំពីអំពើហិង្សារបស់អ្នកតាំងលំនៅអ៊ីស្រាអែលនៅតំបន់វេសប៊ែង និងថា តើលោកបានបញ្ជូនសារទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីនណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ទាក់ទងនឹងទឹកដីដែលកាន់កាប់ឬទេ លោក ត្រាំ បាននិយាយថា «យើងបានពិភាក្សាគ្នាយ៉ាងយូរ ស្តីពីតំបន់វេសប៊ែង ហើយខ្ញុំមិនអាចនិយាយបានថាយើងឯកភាពគ្នា ១០០% ទៅលើតំបន់វេសប៊ែងនោះទេ ប៉ុន្តែយើងនឹងឈានដល់ការសន្និដ្ឋានមួយ»។
លោកបានបន្ថែមថា «វានឹងត្រូវបានប្រកាសនៅពេលវេលាសមស្របប៉ុន្តែលោកនឹងធ្វើរឿងដ៏ត្រឹមត្រូវ» ដោយសំដៅទៅលើលោក ណេតាន់យ៉ាហ៊ូ ដែលកំពុងឈរក្បែរលោកក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅឯវិមាន Mar-a-Lago របស់លោក ត្រាំក្នុងរដ្ឋផ្លរីដា។
កងកម្លាំងអ៊ីស្រាអែល និងអ្នកតាំងលំនៅខុសច្បាប់បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១.១០៣នាក់នៅតំបន់វេសប៊ែង រួមទាំងទីក្រុងយេរូសាឡឹមខាងកើត ដែលបានធ្វើឱ្យមានអ្នករងរបួសប្រមាណជិត១១.០០០នាក់ និងត្រូវបានឃុំខ្លួនប្រហែល ២១.០០០នាក់ ចាប់តាំងពីខែតុលាឆ្នាំ២០២៣។ នេះបើយោងតាមតួលេខរបស់ប៉ាឡេស្ទីន។
នៅក្នុងមតិដ៏សំខាន់មួយកាលពីខែកក្កដា ឆ្នាំមុន តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសថា ការកាន់កាប់ទឹកដីប៉ាឡេស្ទីនរបស់អ៊ីស្រាអែល គឺខុសច្បាប់ ហើយបានអំពាវនាវឱ្យមានការជម្លៀសប្រជាជនចេញពីតំបន់តាំងទីលំនៅទាំងអស់នៅតំបន់វេសប៊ែង និងទីក្រុងយេរូសាឡឹមខាងកើត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





