ប្រធានាធិបតីអ៊ីរ៉ង់សន្យាកែទម្រង់សេដ្ឋកិច្ច និងអំពាវនាវឱ្យមានកិច្ចសន្ទនាជាមួយក្រុមបាតុករ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ -- លោក ម៉ាសាអ៊ូដ ប៉េហ្សេសគីអាន់ (Masoud Pezeshkian) ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់កំណែទម្រង់សេដ្ឋកិច្ច ក៏ដូចជាកិច្ចសន្ទនាជាមួយក្រុមបាតុករ ដោយលោកបានសង្កត់ធ្ងន់ថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសាមញ្ញនៅតែជាកង្វល់ប្រចាំថ្ងៃរបស់លោក។
លោក ប៉េហ្សេសគីអាន់ បាននិយាយថា «ជីវភាពរស់នៅរបស់ប្រជាជន គឺជាកង្វល់ប្រចាំថ្ងៃរបស់ខ្ញុំ។ យើងមានសកម្មភាពជាមូលដ្ឋាននៅក្នុងរបៀបវារៈដើម្បីកែទម្រង់ប្រព័ន្ធរូបិយវត្ថុ និងធនាគារ និងរក្សាអំណាចទិញរបស់ប្រជាជន»។
លោក ប៉េហ្សេសគីអាន់ បាននិយាយនៅលើវេទិការបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចរបស់សហរដ្ឋអាមេរិកថា «ខ្ញុំបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តាប់ការទាមទារស្របច្បាប់របស់ក្រុមបាតុករតាមរយៈកិច្ចសន្ទនាជាមួយអ្នកតំណាងរបស់ពួកគេ ដើម្បីឱ្យរដ្ឋាភិបាលអាចធ្វើសកម្មភាពឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហា និងឆ្លើយតបដោយការទទួលខុសត្រូវ»។
ការកត់សម្គាល់របស់លោកនេះបានកើតឡើងបន្ទាប់ពីមានការតវ៉ាដ៏ធំបំផុតរបស់អ៊ីរ៉ង់ក្នុងរយៈពេលបីឆ្នាំបានផ្ទុះឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃរូបិយប័ណ្ណជាតិរៀលដល់កម្រិតទាបបំផុតធៀបនឹងប្រាក់ដុល្លារអាម៉េរិក និងការលាលែងពីតំណែងរបស់អភិបាលធនាគារកណ្តាលអ៊ីរ៉ង់ លោក ម៉ូហាំម៉ាដ រ៉េហ្សា ហ្វាហ្ស៊ីន (Mohammad Reza Farzin)បន្ទាប់ពីការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុងតេអេរ៉ង់ និងទីក្រុងដទៃទៀត។
សេដ្ឋកិច្ចអ៊ីរ៉ង់បាននិងកំពុងតស៊ូជាមួយនឹងបញ្ហាប្រឈមធំៗ រួមទាំងអតិផរណាកើនឡើង ការដួលរលំនៃរូបិយបណ្ណរៀល កំណើនផលិតផលក្នុងស្រុកសរុបស្ទើរតែជាប់គាំង និងលំហូរមូលធនដែលជំរុញដោយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





