អេមីរ៉ាត់អារ៉ាប់រួមប្រកាសបញ្ចប់វត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសយេម៉ែន
AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ -- អេមីរ៉ាត់អារ៉ាប់រួម (UAE) បានប្រកាសបញ្ចប់វត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសយេម៉ែនកាលពីថ្ងៃអង្គារ ចំពេលដែលមានភាពតានតឹងកើនឡើងនៅភាគខាងត្បូងនៃប្រទេសនេះ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដោយសារការវិវឌ្ឍថ្មីៗ និងផលវិបាកដែលអាចកើតមានចំពោះសុវត្ថិភាព និងប្រសិទ្ធភាពនៃភារកិច្ចប្រឆាំងភេរវកម្ម ក្រសួងការពារជាតិរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានប្រកាសបញ្ចប់ក្រុមប្រឆាំងភេរវកម្មដែលនៅសេសសល់នៅក្នុងប្រទេសយេម៉ែនតាមឆន្ទៈរបស់ខ្លួន ក្នុងលក្ខណៈដែលធានាសុវត្ថិភាពរបស់បុគ្គលិកខ្លួន និងសម្របសម្រួលជាមួយដៃគូពាក់ព័ន្ធ»។
លោក រ៉ាស្សាដ អាល់-អាលីមី (Rashad al-Alimi) ប្រធានក្រុមប្រឹក្សាភាពជាអ្នកដឹកនាំប្រធានាធិបតីយេម៉ែន បានលុបចោលកតិកាសញ្ញាការពារជាតិរួមគ្នាជាមួយអេមីរ៉ាត់អារ៉ាប់រួមកាលពីព្រឹកថ្ងៃអង្គារ ហើយបានផ្តល់ពេល២៤ម៉ោងសម្រាប់ការដកថយរបស់កងកម្លាំងអេមីរ៉ាត់អារ៉ាប់រួម។ លោកក៏បានប្រកាសពីភាពអាសន្នរយៈពេល ៩០ថ្ងៃផងដែរ រួមជាមួយនឹងការហាមឃាត់ផ្លូវអាកាស និងដីគោករយៈពេល ៧២ម៉ោងនៅតាមកំពង់ផែ និងការឆ្លងកាត់ព្រំដែនទាំងអស់។
ការអនុវត្តននេះបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន បានបើកការវាយប្រហារតាមអាកាសដោយកំណត់គោលដៅលើនាវាពីរគ្រឿងដែលភ្ជាប់ជាមួយអេមីរ៉ាត់អារ៉ាប់រួមនៅកំពង់ផែ Mukalla ក្នុងប្រទេសយេម៉ែន។
ការវាយប្រហារនេះបានកើតឡើងចំពេលដែលមានភាពតានតឹងកើនឡើងចាប់តាំងពីក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) បានដណ្តើមយកខេត្តមួយចំនួននៅភាគខាងកើត ដូចជាខេត្តហាដ្រាមោត និងខេត្តអាល់-មារ៉ា កាលពីដើមខែនេះ បន្ទាប់ពីការប៉ះទង្គិចជាមួយកងកម្លាំងរដ្ឋាភិបាល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





