ចិនចាត់វិធានការយ៉ាងទូលំទូលាយដើម្បីទប់ស្កាត់ការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងផ្លូវខុស
AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសចិនកំពុងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការសំយោគទិន្នន័យកម្រិតខ្ពស់ (Deep Synthesis) ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យានេះក្នុងផ្លូវខុសដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត បាននាំឱ្យមានការចេញបទបញ្ញត្តិថ្មីយ៉ាងតឹងរ៉ឹង។ ក្នុងខែកញ្ញា ឆ្នាំ២០២៤ រដ្ឋាភិបាលចិនបានចេញគោលការណ៍ណែនាំដ៏ទូលំទូលាយមួយ ដោយតម្រូវឱ្យមានការបិទស្លាកសញ្ញាសម្គាល់ឱ្យបានច្បាស់លាស់លើរាល់ខ្លឹមសារដែលបង្កើតដោយ AI។ ច្បាប់ទាំងនេះត្រូវបានរៀបចំឡើងដើម្បីជួយឱ្យអ្នកប្រើប្រាស់បែងចែករវាងព័ត៌មានពិត និងព័ត៌មានដែលត្រូវបានប្រឌិតឡើង ដោយកំណត់កាតព្វកិច្ចច្បាស់លាស់សម្រាប់អ្នកផ្តល់សេវាកម្មក្នុងការគ្រប់គ្រងដំណើរការបិទស្លាកសញ្ញាសម្គាល់ រាប់ចាប់តាំងពីដំណាក់កាលបង្កើតខ្លឹមសាររហូតដល់ការចែកចាយ។
គោលដៅចម្បងមួយនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំរូបភាពបុគ្គល និងការបោកប្រាស់ ដូចជាវីដេអូដែលបង្កើតដោយ AI របស់អត្តពលិក ឬតារាល្បីៗ ដែលត្រូវបានប្រើប្រាស់ដើម្បីលក់ផលិតផល ឬបោកបញ្ឆោតអ្នកគាំទ្រជាដើម។ ដើម្បីដោះស្រាយបញ្ហានេះ បណ្តាញសង្គមនានាដូចជា Tencent និង Douyin បានអនុវត្តយុទ្ធសាស្ត្រ «អភិបាលកិច្ចរួមគ្នា» ដែលរួមមានការបង្កើតមូលដ្ឋានទិន្នន័យការពាររូបភាពបុគ្គល និងការដាក់ស្លាកសញ្ញាសម្គាល់ដែលមើលឃើញច្បាស់នៅលើខ្លឹមសារ AI ដែលត្រូវបានផ្ទៀងផ្ទាត់។ វិធានការទាំងនេះជួយពង្រឹងកិច្ចការពារផ្នែកច្បាប់ដែលមានស្រាប់សម្រាប់សិទ្ធិលើរូបភាព និងសំឡេង ដើម្បីធានាថា បច្ចេកវិទ្យា Deepfakes មិនអាចត្រូវបានប្រើប្រាស់យ៉ាងងាយស្រួល ដើម្បីកេងចំណេញពីទំនុកចិត្តរបស់សាធារណជនក្នុងគោលបំណងស្វែងរកប្រាក់ចំណេញឡើយ។
ក្រៅពីការបោកប្រាស់បុគ្គល ប្រទេសចិនក៏កំពុងពង្រឹងការត្រួតពិនិត្យដើម្បីបង្ការព័ត៌មានក្លែងក្លាយដែលជំរុញដោយ AI ដែលអាចបង្កឱ្យមានការភ័យស្លន់ស្លោក្នុងសង្គមផងដែរ។ ស្ថាប័នគ្រប់គ្រងកំពុងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីបង្កើតយន្តការសម្រាប់ការរកឱ្យឃើញឱ្យបានឆាប់រហ័ស និងការលុបចោលតាមផ្លូវច្បាប់នូវរាល់ Deepfakes ដែលមានបំណងអាក្រក់។ ទោះបីជាមានបញ្ហាប្រឈមនានាក៏ដោយ ក៏រដ្ឋាភិបាលកំពុងលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល ដោយលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ចេះសង្កេតមើលចំណុចមិនសមហេតុផល ឬចលនាដែលមិនធម្មតានៅក្នុងវីដេអូ និងជំរុញឱ្យពួកគេជឿជាក់ទៅលើប្រភពព័ត៌មានដែលមានសិទ្ធិអំណាច ដើម្បីធានាបាននូវបរិយាកាសឌីជីថលដែលមានសុខុមាលភាព និងសុវត្ថិភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BRNN)





