វិមានក្រឹមឡាំង៖ លោក ពូទីន និងលោក ត្រាំ នឹងជួបពិភាក្សាគ្នាតាមទូរស័ព្ទថ្មីមួយក្នុងពេលឆាប់ៗនេះ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងមេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងធ្វើការសន្ទនាគ្នាតាមទូរស័ព្ទម្តងទៀតក្នុងពេលឆាប់ៗនេះ។
នៅពេលដែលត្រូវបានសួរថា តើការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងធ្វើឡើងនៅពេលណា បន្ទាប់ពីកិច្ចពិភាក្សារបស់លោក ត្រាំ ជាមួយលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) លោកបានឆ្លើយតបថា «ក្នុងពេលឆាប់ៗនេះ»។
លោក ត្រាំ បានស្វាគមន៍លោក ហ្សេលេនស្គី ទៅកាន់លំនៅដ្ឋានMar-a-Lago របស់លោកនៅជិត West Palm Beach ក្នុងរដ្ឋផ្លរីដា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីដែលមានរយៈពេលជាងពីរម៉ោង មេដឹកនាំទាំងពីរបានធ្វើសន្និសីទវីដេអូជាមួយបណ្តាមេដឹកនាំអឺរ៉ុប។ មុនពេលជួបជាមួយលោក ហ្សេលេនស្គី លោក ត្រាំ បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





