សិង្ហបុរីពិចារណាសាងសង់រោងចក្រចម្រាញ់ទឹកប្រៃទី៦
AKP ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសសិង្ហបុរីកំពុងសិក្សាអំពីលទ្ធភាពនៃការសាងសង់រោងចក្រចម្រាញ់ទឹកប្រៃទីប្រាំមួយនៅក្រោមដីដើម្បីបង្កើនសន្តិសុខផ្គត់ផ្គង់ទឹករបស់ខ្លួន។
ដូចដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន The Straits Times ទីភ្នាក់ងារទឹកជាតិ PUB របស់សិង្ហបុរី បាននិយាយកាលពីពេលថ្មីៗនេះថាការដេញថ្លៃមួយត្រូវបានអំពាវនាវឱ្យមានការសិក្សាសម្រាប់គម្រោងនេះ។ការសិក្សានេះត្រូវបានគេរំពឹងថានឹងចំណាយពេលប្រហែល ១០ខែដើម្បីបញ្ចប់។ វានឹងវាយតម្លៃអំពីលទ្ធភាពនៃរោងចក្រមួយដែលអាចចម្រាញ់ទឹកសមុទ្រ និងទឹកសាប ដូចជារោងចក្រចម្រាញ់ទឹកប្រៃ Keppel Marina East ដែលបានបើកដំណើរការកាលពីក្នុងខែកុម្ភៈ ឆ្នាំ២៩២១ ជាមួយនឹងកន្លែងចម្រាញ់ទឹកនៅក្រោមដី និងដំបូលបៃតងដែលសាងសង់សម្រាប់ការកម្សាន្តរបស់សហគមន៍។
ភាពបត់បែនបែបនេះដើម្បីប្តូររវាងទឹកទាំងពីរប្រភេទ ដែលនឹងបង្កើនភាពធន់នៃការផ្គត់ផ្គង់ទឹករបស់ប្រទេសសិង្ហបុរីទៅនឹងអាកាសធាតុ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារ PUB។
ឯកសារដេញថ្លៃបានបង្ហាញថា ទីភ្នាក់ងារ PUB កំពុងសិក្សាអំពីជម្រើសនៃការអភិវឌ្ឍរោងចក្រនៅក្រោមដីទាំងស្រុង។ ជម្រើសនេះនឹងមានន័យថា មានកន្លែងទំនេរបន្ថែមទៀតនៅលើផ្ទៃដីសម្រាប់កន្លែងកម្សាន្តឬហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលត្រូវដាក់រួមគ្នានៅកន្លែងតែមួយ។
ចាប់តាំងពីការបន្សាបជាតិប្រៃត្រូវបានណែនាំជាលើកដំបូងនៅក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ២០០៥ រដ្ឋកោះនេះបានសាងសង់រោងចក្របន្សាបជាតិប្រៃចំនួនប្រាំ ដែលមានទីតាំងនៅតំបន់ឆ្នេរសមុទ្រក្នុងតំបន់ទូស តំបន់កោះជូរ៉ុង និងតំបន់ម៉ារីណាខាងកើត។
បច្ចុប្បន្ននេះ រោងចក្របន្សាបជាតិប្រៃអាចបំពេញតម្រូវការទឹករហូតដល់ ៤៣% ដោយមានសមត្ថភាពសរុប ១៩០លានហ្គាឡុង។ តម្រូវការទឹកសរុបនៅក្នុងប្រទេសសិង្ហបុរីត្រូវបានគេព្យាករថានឹងកើនឡើងជាមួយនឹងកំណើនឧស្សាហកម្ម។ នៅក្នុងឆ្នាំ២០៦៥ តម្រូវការមិនមែនក្នុងស្រុកត្រូវបានគេរំពឹងថានឹងមានចំនួនជាង ៦០% នៃតម្រូវការទឹក ដែលកើនឡើងពី ៥៥% នាពេលបច្ចុប្បន្ន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





