លោក គីម អំពាវនាវឱ្យពង្រីកសមត្ថភាពផលិតមីស៊ីល និងគ្រាប់ផ្លោង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ -- យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានបង្ហាញផែនការសាងសង់រោងចក្រផលិតគ្រាប់រំសេវថ្មី ដើម្បីពង្រីកសមត្ថភាពផលិតមីស៊ីល និងគ្រាប់ផ្លោង ដោយលោកបានសង្កត់ធ្ងន់ថា ការបង្កើនផលិតកម្មរបស់ពួកគេគឺមានសារៈសំខាន់ណាស់ក្នុងការជំរុញការទប់ស្កាត់សង្គ្រាម។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា លោក គីម បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់សហគ្រាសឧស្សាហកម្មគ្រាប់រំសេវធំៗ ហើយលោកបានត្រួតពិនិត្យការផលិតមីស៊ីល និងគ្រាប់ផ្លោងនៅក្នុងត្រីមាសទីបួន។ ទីភ្នាក់ងារមិនបានបញ្ជាក់លម្អិតអំពីកាលបរិច្ឆេទនៃការត្រួតពិនិត្យរបស់លោក ឬទីតាំងរោងចក្រនោះទេ។
លោកបានបញ្ជាឱ្យពង្រីកសមត្ថភាពផលិតមីស៊ីល និងគ្រាប់ផ្លោងដោយលោកបានកត់សម្គាល់ថា ផែនការសាងសង់រោងចក្រផលិតគ្រាប់រំសេវថ្មីនឹងត្រូវសម្រេចនៅក្នុងសមាជបក្សនាពេលខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារ KCNA។
ទីភ្នាក់ងារ KCNA បានឱ្យដឹងថា លោក គីម បាននិយាយថា «ដើម្បីបំពេញតម្រូវការនាពេលអនាគតរបស់កងកម្លាំងមីស៊ីល និងកាំភ្លើងធំរបស់កងទ័ពប្រជាជនកូរ៉េ ចាំបាច់ត្រូវលើកកម្ពស់កម្រិតទំនើបកម្មនៃឧស្សាហកម្មគ្រាប់រំសេវជាបន្តបន្ទាប់ ដោយបង្កើតសហគ្រាសឧស្សាហកម្មគ្រាប់រំសេវថ្មីតាមការគ្រោងទុក»។
លោកបានបន្ថែមថា «ជាពិសេស វិស័យផលិតមីស៊ីល និងគ្រាប់ផ្លោងមានសារៈសំខាន់បំផុតក្នុងការជំរុញការទប់ស្កាត់សង្គ្រាម»។ ក្រុមអ្នកអមដំណើររបស់លោក គីម រួមមាន លោក ចូ ឈុនរីយ៉ុង (Jo Chun-ryong)លេខាធិការបក្ស និងលោក គីម ជុងស៊ីក (Kim Jong-sik) អនុប្រធានទីមួយទទួលបន្ទុកឧស្សាហកម្មអាវុធនៅគណបក្សពលករកូរ៉េ។
មេដឹកនាំកូរ៉េខាងជើងតែងតែអំពាវនាវឱ្យពង្រីកការផលិតមីស៊ីល និងគ្រាប់ផ្លោងក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់រោងចក្រអាវុធសំខាន់ៗ ដែលបង្កើនការសង្ស័យថា ចលនានេះទាក់ទងនឹងការនាំចេញអាវុធរបស់ប្រទេសកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី។
ចាប់តាំងពីប្រទេសកូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រហែល១៥.០០០នាក់ដើម្បីគាំទ្រសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន លោក គីមបានគូសបញ្ជាក់ពីតម្រូវការក្នុងការធ្វើទំនើបកម្មអាវុធធម្មតា និងពង្រឹងសមត្ថភាពប្រយុទ្ធ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





