ស្លាប់ ៨នាក់ក្នុងហេតុការណ៍បាក់រលំអគារនៅប្រទេសអេហ្ស៊ីប
AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ -- យោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មាន Ahram Online ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសអេហ្ស៊ីប បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការបាក់រលំអគារកម្ពស់ ៥ជាន់មួយនៅក្នុងខេត្តជីហ្សា ប្រទេសអេហ្ស៊ីប ភាគខាងត្បូងនៃទីក្រុងគែរបានកើនឡើងដល់ ៨នាក់។
ក្រុមជួយសង្គ្រោះបានរកឃើញសាកសពមនុស្សបាត់ខ្លួនចុងក្រោយបន្ទាប់ពីប្រតិបត្តិការស្វែងរក និងរុះរើកម្ទេចកម្ទីជាបន្តបន្ទាប់រយៈពេលពីរថ្ងៃ។នេះបើយោងតាមរបាយការណ៍។
អគារនេះបានបាក់រលំនៅតំបន់ Imbaba ជាតំបន់ដែលមានប្រជាជនរស់នៅច្រើនកុះករនៅក្នុងទីក្រុងជីហ្សា ដែលបណ្តាលឱ្យខូចខាតដល់អគារជាប់គ្នាជាច្រើន ហើយត្រូវបានជម្លៀសប្រជាជនចេញជាវិធានការបង្ការរង់ចាំការវាយតម្លៃសុវត្ថិភាព។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខេត្តជីហ្សា អាជ្ញាធរបាននិយាយថា ការរុះរើកម្ទេចកម្ទីត្រូវបានអនុវត្តន៍ដោយដៃពីព្រោះផ្លូវតូចចង្អៀតដែលអគារនេះស្ថិតនៅបានរារាំងការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់។
គណៈកម្មាធិការវិស្វកម្មឯកទេសមួយត្រូវបានចាត់តាំងឱ្យស៊ើបអង្កេតមូលហេតុនៃការបាក់រលំ រួមទាំងថាតើអគារនេះបានឆ្លងកាត់ការកែប្រែដោយគ្មានអាជ្ញាប័ណ្ណ ឬរំលោភលើបទប្បញ្ញត្តិសំណង់ដែរឬទេ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





