ទាហានអ៊ីស្រាអែលសម្លាប់ជនជាតិប៉ាឡេស្ទីននៅភាគខាងជើងតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ -- ប្រភពព័ត៌មានពីគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា
ជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ដោយកងទ័ពអ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្គាហ្សា។
ប្រភពព័ត៌មានបានប្រាប់សារព័ត៌មានស៊ីនហួថា ការបាញ់ប្រហារនេះបានកើតឡើងបន្ទាប់ពីរថយន្តយោធាអ៊ីស្រាអែលបានរុលទៅមុខនៅខាងក្នុងតំបន់ដែលគេហៅថា «ខ្សែលឿង» ដែលជាតំបន់កំណត់ព្រំដែនកងទ័ពអ៊ីស្រាអែលនៅតែដាក់ពង្រាយទោះបីជាមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាក៏ដោយ អមដោយការបាញ់ប្រហារយ៉ាងខ្លាំងនៅភាគខាងកើត និងខាងជើងនៃតំបន់នោះ។
ពួកគេបានបន្ថែមថា រថក្រោះអ៊ីស្រាអែលក៏បានបាញ់គ្រាប់កាំភ្លើងធំនិងកាំភ្លើងយន្តជាច្រើនគ្រាប់ឆ្ពោះទៅជិតតំបន់ដែលគេហៅថា «ខ្សែលឿង» នៅជាយក្រុងបៃឡាហៀ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនម្នាក់ដែលត្រូវបានគេស្គាល់ថាជា លោក សាមី អាហ៍មេដ អាប៊ូ ដារ៉ាប៊ី (Sami Ahmad Abu Darabi) និងធ្វើឱ្យអ្នកផ្សេងទៀតរងរបួស។
កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងកម្លាំងរបស់ខ្លួនដែលកំពុងប្រតិបត្តិការនៅភាគខាងជើង តំបន់ហ្គាហ្សាបានសម្លាប់ពួកសកម្មប្រយុទ្ធម្នាក់ដែលបានឆ្លងកាត់តំបន់ដែលគេហៅថា«ខ្សែលឿង» ហើយបានចូលទៅជិតកងទ័ពដោយបង្កការគំរាមកំហែងភ្លាមៗដល់ពួកគេ។
អ៊ីស្រាអែលបានធ្វើការវាយប្រហារស្ទើរតែរាល់ថ្ងៃនៅក្នុងតំបន់ហ្គាហ្សាចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន ដោយអាជ្ញាធរសុខាភិបាលហ្គាហ្សាបានរាយការណ៍ថា ការស្លាប់របស់ជនជាតិប៉ាឡេស្ទីនចាប់តាំងពីថ្ងៃទី១១ ខែតុលា បានកើនលើសពី ៤០០នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





