រុស្ស៊ីតែងតែបើកចំហចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយលោកខាងលិច
AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ -- លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយថា ប្រទេសរុស្ស៊ីតែងតែបើកចំហចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយលោកខាងលិច ប៉ុន្តែការស្តារការយោគយល់គ្នាទៅវិញទៅមកឡើងវិញ តម្រូវឱ្យមានការកែតម្រូវវិធីសាស្រ្តរបស់សហភាពអឺរ៉ុប។
លោកស្រី ហ្សាខារ៉ូវ៉ា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា«ដើម្បីស្តារការយោគយល់គ្នាទៅវិញទៅមកជាមូលដ្ឋាន អ្វីដែលត្រូវការមិនមែនជាការកែតម្រូវយុទ្ធសាស្ត្រនោះទេ ប៉ុន្តែជាការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងមូលដ្ឋានគ្រឹះ និងវិធីសាស្រ្ត — មិនមែនរបស់យើងទេ ប៉ុន្តែជារបស់សហភាពអឺរ៉ុប។ យើងតែងតែបើកចំហចំពោះកិច្ចសហប្រតិបត្តិការ ហើយយើងមានលក្ខខណ្ឌតែមួយគត់ គឺច្បាប់អន្តរជាតិត្រូវតែគោរព»។
លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បាននិយាយថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជាក់ជាផ្លូវការជាលាយលក្ខណ៍អក្សរអំពីអវត្តមាននៃផែនការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអង្គការណាតូ និងសហភាពអឺរ៉ុប ហើយទីក្រុងម៉ូស្គូនៅតែបើកចំហសម្រាប់កិច្ចពិភាក្សា។
លោកស្រី ហ្សាខារ៉ូវ៉ា បានបន្ថែមថា «ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជាក់ជាផ្លូវការនូវការប្តេជ្ញាចិត្តពាក់ព័ន្ធក្នុងទម្រង់ជាឯកសារជាលាយលក្ខណ៍អក្សរ និងមានកាតព្វកិច្ចផ្លូវច្បាប់។ ទម្រង់ជាក់លាក់របស់វាអាចត្រូវបានកំណត់ក្នុងអំឡុងពេលចរចា ប៉ុន្តែវាត្រូវតែជាឧបករណ៍ច្បាប់អន្តរជាតិពេញលេញ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





