រុស្ស៊ីកំពុងវិភាគសេចក្តីព្រាងផែនការសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក ស្តីពីអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសរុស្ស៊ីកំពុងវិភាគទៅលើសំណើសម្រាប់ផែនការសន្តិភាព ស្តីពីអ៊ុយក្រែន ដែលបានផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) តាមរយៈបេសកជនពិសេស លោក គីរីល ឌីមីទ្រីវ (Kirill Dmitriev)។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងម៉ូស្គូ លោក ប៉េសកូវបាននិយាយថា ប្រទេសរុស្ស៊ីនឹងបង្ហាញការពិចារណារបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក នៅពេលដែលការវិភាគត្រូវបានបញ្ចប់។
លោកបាននិយាយថា «យើងកំពុងវិភាគទៅលើអ្វីដែលលោក ឌីមីទ្រីវបានប្រគល់ជូនលោក ពូទីន។ យើងកំពុងពិនិត្យមើលឯកសារនេះ ហើយអាស្រ័យទៅលើការសម្រេចចិត្តដែលធ្វើឡើងដោយប្រមុខរដ្ឋ យើងនឹងបន្តទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក»។
លោក ប៉េសកូវ បាននិយាយថា លោក ពូទីន បានផ្ញើសារជូនពរបុណ្យណូអែលទៅកាន់សមភាគីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) រួចហើយ ដោយលោកបាននិយាយបន្ថែមថា ការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរមិនទាន់ត្រូវបានគ្រោងទុកសម្រាប់ពេលនេះនៅឡើយទេ។
កិច្ចចរចា ស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន ត្រូវបានធ្វើឡើងនៅទីក្រុងម៉ៃអាមីកាលពីចុងសប្តាហ៍មុន ដោយភាគីសហរដ្ឋអាមេរិកត្រូវបានតំណាងដោយលោក ស្ទីវ វីតកូហ្វ (Steve Witkoff) ដែលជាបេសកជន និងលោក ចារ៉េដ គូស្ន័រ (Jared Kushner) ដែលជាកូនប្រសាររបស់លោក ដូណាល់ ត្រាំ។
ផែនការ ២៨ចំណុចដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន ត្រូវបានដាក់ចេញដោយលោក ត្រាំ ជាលើកដំបូង ដោយមានការងារកំពុងដំណើរការចាប់តាំងពីពេលនោះមក ដើម្បីកែលម្អសំណើនេះ និងធ្វើឱ្យវាអាចទទួលយកបានសម្រាប់គ្រប់ភាគីទាំងអស់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





