ឥណ្ឌូណេស៊ីបង្កើនសន្តិសុខសម្រាប់ថ្ងៃឈប់សម្រាកបុណ្យណូអែល និងឆ្លងចូលឆ្នាំថ្មី
AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ -- ដោយសារថ្ងៃឈប់សម្រាកចុងឆ្នាំ២០២៥ កាន់តែខិតជិតមកដល់ មន្រ្តីប៉ូលិសជាតិឥណ្ឌូណេស៊ីបានបង្កើនវិធានការសន្តិសុខនៅទូទាំងប្រទេស ដោយដាក់ពង្រាយបុគ្គលិករាប់រយរាប់ពាន់នាក់ដើម្បីធានាថា សាធារណជនអាចប្រារព្ធពិធីបុណ្យណូអែលនិងឆ្លងចូលឆ្នាំថ្មីដោយសុវត្ថិភាព។
មន្រ្តីប៉ូលិសបានអនុវត្តប្រតិបត្តិការ Operasi Lilin ឬប្រតិបត្តិការទៀននៅទូទាំងប្រទេសប្រចាំឆ្នាំ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ដើម្បីធានាសុវត្ថិភាពសាធារណៈ និងរក្សាសណ្តាប់ធ្នាប់នៅតាមព្រះវិហារ កន្លែងទេសចរណ៍ និងមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចុងឆ្នាំ។
ប្រតិបត្តិការដែលគ្រោងនឹងដំណើរការរយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នេះ បានដាក់ពង្រាយបុគ្គលិកប្រហែល ១៤៦.០០០នាក់មកពីក្រុមការងារប៉ូលិស យោធានិងភ្នាក់ងាររដ្ឋាភិបាលផ្សេងៗ។
នៅទីក្រុងហ្សាការតា និងទីក្រុងរណបរបស់ខ្លួន មន្រ្តីប៉ូលិសកំពុងផ្តល់អាទិភាពដល់សន្តិសុខនៅកន្លែងគោរពបូជាដែលត្រូវការការការពារកម្រិតខ្ពស់ ដោយមានបុគ្គលិកជាង ៥.០០០នាក់មកពីកងកម្លាំងផ្សេងៗគ្នាត្រូវបានដាក់ពង្រាយ។
អគ្គស្នងការប៉ូលិសទីក្រុងហ្សាការតា លោកឧត្តមសេនីយ៍ឯក អាសេប អេឌី ស៊ូហេរី (Asep Edi Suheri) បាននិយាយថា វិធានការសន្តិសុខដ៏តឹងរ៉ឹងនេះមានគោលបំណងការពារហានិភ័យដែលអាចកើតមានក្នុងអំឡុងពេលចុងឆ្នាំនេះ។
រួមជាមួយនឹងភារកិច្ចការពារ មន្រ្តីប៉ូលិសឥណ្ឌូណេស៊ីក៏បានចូលរួមក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញពីគ្រោះមហន្តរាយនៅក្នុងតំបន់មួយចំនួនផងដែរ រួមទាំងខេត្តអាឆេ កោះស៊ូម៉ាត្រាខាងជើង និងកោះស៊ូម៉ាត្រាខាងលិច ជាកន្លែងដែលព្រះវិហារជាច្រើនបានរងផលប៉ះពាល់ដោយអាកាសធាតុអាក្រក់មុនពេលពិធីបុណ្យណូអែល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





