ទស្សនៈ៖ តំបន់ និងពិភពលោកត្រូវថ្កោលទោសថៃ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ --
១.សង្គ្រាមឈ្លានពាន ដែលទីក្រុងបាងកក កំពុងបន្តធ្វើមកលើកម្ពុជា ជារបត់ភូមិសាស្ត្រនយោបាយមួយដ៏គ្រោះថ្នាក់។ នៅក្នុងបរិបទពិភពលោក គឺជាការវិលទៅរកសណ្តាប់ធ្នាប់អន្តរជាតិ មុនសម័យសង្គ្រាមលោកលើកទី២។ រីឯនៅក្នុងបរិបទនៃតំបន់អាស៊ីអាគ្នេយ៍វិញ គឺជាការត្រឡប់ទៅរកសករាជ មុនកំណើតអាស៊ាននៅឆ្នាំ១៩៦៧។ ពោលគឺជាសម័យកាលនៃ «អាធំវ៉ៃអាតូច» «អានេះវ៉ៃអានោះ» ស្រេចតែអំពើចិត្ត។
២.«សង្គ្រាមថៃឈ្លានពានកម្ពុជា»នេះ គឺ ជាព្រៃយុទ្ធសាស្ត្រមួយ ដែលនៅក្នុងនោះ គេបោះចោលក្នុងធុងសំរាមប្រវត្តិសាស្ត្រ នូវប៊ិចសរសេរ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងផែនទីផ្លូវការ ដើម្បីគូសបន្ទាត់ព្រំដែនឡើងវិញ ដោយប្រើប្រាស់កម្លាំងបាយ, យន្តហោះចម្បាំងF-16, T-50TH, Gripen, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនពិឃាដ, ដ្រូនទម្លាក់គ្រាប់បែក, រថក្រោះ, រថពាសដែក…។
៣.«សង្គ្រាមថៃឈ្លានពានកម្ពុជា»នេះ មិនយូរមិនឆាប់ នឹងអាចរុញច្រានតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ទៅក្នុងជ្រោះ នៃអសន្តិសុខ អស្ថិរភាព និងចម្បាំងរាំងជល។ វានឹងអាចបំផ្លាញយ៉ាងលឿនរហ័ស លទ្ធផលនៃការប្រឹងប្រែងច្រើនទសវត្សរ៍របស់អាស៊ានក្នុងការបង្កើត ពង្រឹងពង្រីក និងរក្សាបាននូវលំហតំបន់មួយនៃ កិច្ចសហប្រតិបត្តិការ សន្តិភាព និងវិបុលភាពរួម។ ហេតុអ្វី? ពីព្រោះចង់ឬមិនចង់ ស្ថាបត្យកម្មអាស៊ានផ្តើមបែកប្រេះឆារួចស្រេចបាត់ទៅហើយ ខណ:ដែលតាំងពីថ្ងៃ៧ ធ្នូ ២០២៥មក ប្រទេសសមាជិកមួយវាយឈ្លានពានប្រទេសសមាជិកមួយទៀត។
៤.តើបណ្តាប្រទេសជិតខាងដទៃរបស់ថៃ ដែលសុទ្ធតែជាសមាជិកអាស៊ាន អាចកក់ក្តៅចិត្តដែរឬទេ នៅពេលដែលឃើញថៃវាយប្រហារកម្ពុជា ទាំងនៅលើដី ពីលើអាកាស និងពីនាវាចម្បាំង? ដូចគ្នា គេគួរសាកល្បងមមៃមើលថា តើសសរគ្រឹះនៃសហភាពអឺរ៉ុបនឹងរង្គោះរង្គើខ្លាំងក្លាបែបណា បើសិនជាប្រទេសសមាជិកអឺរ៉ុបមួយចូលឈ្លានពានទាំងកំរោលប្រទេសសមាជិកអឺរ៉ុបមួយទៀត?
ម្ល៉ោះហើយ ថ្នាក់ដឹកនាំតំបន់ និងពិភពលោក ព្រមទាំងសាធារណមតិតំបន់ និងអន្តរជាតិ ត្រូវតែក្លាហានហ៊ានប្រតិកម្ម ហ៊ានថ្កោលទោស ហ៊ានហៅសង្គ្រាមនេះថា ជា«សង្គ្រាមថៃឈ្លានពានកម្ពុជា»។

ដោយ តាន់ ហ្សង់ហ្វ្រង់ស័រ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
(អត្ថបទនេះ ជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ។)





