ក្រុមគ្រូពេទ្យចិនបរិច្ចាគសម្ភារៈវេជ្ជសាស្ត្រដល់មន្ទីរពេទ្យនៅប្រទេសស៊ូដង់ខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ -- ក្រុមគ្រូពេទ្យចិនក្រុមទី១៣ បានបរិច្ចាគផលិតផលឱសថ និងឧបករណ៍វេជ្ជសាស្ត្រដល់មន្ទីរពេទ្យ Juba Teaching ដែលជាមន្ទីរពេទ្យសំខាន់របស់ប្រទេសស៊ូដង់ខាងត្បូង។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី សារ៉ាហ៍ ក្លេតូ រៀល (Sarah Cleto Rial) បានថ្លែងក្នុងពិធីបរិច្ចាគនៅទីក្រុងជូបា រដ្ឋធានីនៃប្រទេសស៊ូដង់ខាងត្បូងថា ក្រុមគ្រូពេទ្យចិនបានផ្តល់ជំនួយមនុស្សធម៌យ៉ាងទូលំទូលាយក្នុងរយៈពេលជាច្រើនឆ្នាំចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ២០១១។
លោកស្រី ក្លេតូ បានមានប្រសាសន៍ថា «អស់រយៈពេលជាច្រើនឆ្នាំមកហើយ សមាជិកដែលខិតខំប្រឹងប្រែងនៃក្រុមគ្រូពេទ្យចិនមិនត្រឹមតែជាគ្រូពេទ្យប៉ុណ្ណោះទេ ពួកគេគឺជាដៃគូរបស់យើង គ្រូបង្រៀនរបស់យើង និងជាអ្នកតំណាងដ៏ស្មោះត្រង់របស់យើង»។
លោកស្រីបានកត់សម្គាល់ថា ការបរិច្ចាគឧបករណ៍វេជ្ជសាស្ត្រចុងក្រោយបង្អស់គឺច្រើនជាងអំណោយធម្មតា ព្រោះវាបង្ហាញពីសក្ខីភាពដ៏មានឥទ្ធិពលចំពោះមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូដ៏រឹងមាំរវាងប្រជាជននៃប្រទេសទាំងពីរ។
លើសពីនេះ លោកស្រីបាននិយាយថា ក្រុមគ្រូពេទ្យចិនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីស៊ូដង់ខាងត្បូងរបស់ពួកគេ ដើម្បីជួយសង្គ្រោះជីវិត និងកសាងសមត្ថភាពនៃប្រព័ន្ធសុខាភិបាល រួមទាំងការបង្កើតមន្ទីរពិសោធន៍ទំនើបៗ និងការធ្វើទំនើបកម្មនៃមណ្ឌលសុខភាព។
រដ្ឋាភិបាលចិនកំពុងអនុវត្តន៍ដំណាក់កាលទីពីរនៃគម្រោងទំនើបកម្ម និងពង្រីកមន្ទីរពេទ្យនេះ ដើម្បីកែលម្អការផ្តល់សេវាសុខភាពនៅមន្ទីរពេទ្យបង្អែកដ៏សំខាន់។
លោក ម៉ា ឈាង (Ma Qiang) ឯកអគ្គរដ្ឋទូតចិនប្រចាំស៊ូដង់ខាងត្បូង បានមានប្រសាសន៍ថា សុខភាពគឺជាសូចនាករសំខាន់របស់ប្រទេសជាតិដ៏រុងរឿង និងប្រទេសដ៏រឹងមាំមួយ ដោយលោកបានបន្ថែមថា រដ្ឋាភិបាលចិនតែងតែចាត់ទុកកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្ត្រ និងសុខភាពជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសចិន និងស៊ូដង់ខាងត្បូង។
យោងតាមលោក បុគ្គលិកពេទ្យចិនសរុបចំនួន ១៩៦នាក់បានបម្រើការនៅប្រទេសស៊ូដង់ខាងត្បូងចាប់តាំងពីឆ្នាំ២០១២ ដោយផ្តល់សេវាវេជ្ជសាស្ត្រដល់អ្នកជំងឺជាង ៩០.០០០នាក់ ធ្វើការវះកាត់ជាង ១.៤៣០ដង និងជួយសង្គ្រោះអ្នកជំងឺធ្ងន់ធ្ងរជាង ៣០.០០០នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





