នូវែលសេឡង់ និងឥណ្ឌា បញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសនូវែលសេឡង់ និងឥណ្ឌា បានប្រកាសពីការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ដែលនឹងលុបបំបាត់ ឬកាត់បន្ថយពន្ធលើការនាំចេញ ៩៥% របស់ប្រទេសនូវែលសេឡង់ ហើយផ្តល់សិទ្ធិចូលទីផ្សារដោយមិនគិតពន្ធលើការនាំចេញទាំងអស់របស់ប្រទេសឥណ្ឌា។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលនូវែលសេឡង់ បានឱ្យដឹងថា កិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខានៅឆមាសទីមួយនៃឆ្នាំក្រោយ នឹងឃើញការលុបបំបាត់ពន្ធភ្លាមៗលើសាច់ចៀម រោមចៀម ធ្យូងថ្ម និងការនាំចេញព្រៃឈើជាង ៩៥% ខណៈដែលការកាត់បន្ថយសំខាន់ៗនឹងអនុវត្តន៍ចំពោះអាហារសមុទ្រ ផ្លែឈើ ស្រា និងទឹកឃ្មុំម៉ានូកា។
លោក តូដ ម៉ាកក្លាយ (Todd McClay) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសនូវែលសេឡង់ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះ រួមទាំងបទប្បញ្ញត្តិសម្រាប់សេវាកម្ម ទិដ្ឋាការការងារជំនាញ និងការទទួលស្គាល់សូចនាករភូមិសាស្ត្រគឺ «ស្ថិតក្នុងផលប្រយោជន៍ល្អបំផុតរបស់ប្រទេសនូវែលសេឡង់ ហើយនឹងផ្តល់ការងារ និងការនាំចេញរាប់ពាន់លានបន្ថែមទៀត»។
ក្រសួងពាណិជ្ជកម្មសហព័ន្ធរបស់ប្រទេសឥណ្ឌាក៏បានសាទរកិច្ចព្រមព្រៀងនេះថាជា «ការចូលទីផ្សារ និងសេវាកម្មដ៏ល្អបំផុតដែលប្រទេសនូវែលសេឡង់ផ្តល់ជូនប្រទេសឥណ្ឌា ដោយគ្របដណ្តប់លើវិស័យសេវាកម្មចំនួន ១១៨វិស័យ»។
លោក ម៉ាកក្លាយ បាននិយាយថា ការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបានចាប់ផ្តើមនៅក្នុងខែមីនា បន្ទាប់ពីទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស្តូហ្វ័រ លូសុន (Christopher Luxon) នៅប្រទេសឥណ្ឌា ហើយត្រូវបានបញ្ចប់បន្ទាប់ពីការចរចារយៈពេល ៩ខែ។
លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌាបានមានប្រសាសន៍នៅលើគេហទំព័រអ៊ិចថា ការចរចាកិច្ចព្រមព្រៀង FTA ឆ្លុះបញ្ចាំងពី «ឆន្ទៈនយោបាយដ៏រឹងមាំ និងមហិច្ឆតារួមដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





