ប្រធានាធិបតីកាហ្សាក់ស្ថានអំពាវនាវឱ្យមានការអត់ធ្មត់ និងភាពបត់បែនក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ -- ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាសស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) កាលពីថ្ងៃអង្គារ បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន ឱ្យបង្ហាញពីការអត់ធ្មត់ ភាពបត់បែន និងវិជ្ជាជីវៈ ហើយបន្តស្វែងរករូបមន្តសន្តិភាព។
យោងតាមគេហទំព័រផ្លូវការរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន បានឱ្យដឹងថា លោក តូកាយ៉េវ បានធ្វើការកត់សម្គាល់នេះ ខណៈពេលកំពុងសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងអំឡុងពេលនោះ ពួកគេបានផ្លាស់ប្តូរទស្សនៈលើរបៀបវារៈទ្វេភាគី និងវិបត្តិអ៊ុយក្រែន។
លោកបានកត់សម្គាល់ពីភាពស្មុគស្មាញនៃការដោះស្រាយវិបត្តិ ដោយសង្កត់ធ្ងន់ថា បញ្ហាទឹកដីនៅតែជាចំណុចកណ្តាល និងតម្រូវឱ្យមានការសម្របសម្រួលពីគ្រប់ភាគីទាំងអស់ ដោយគិតគូរពីស្ថានភាពជាក់ស្តែងនៅលើទឹកដីនោះ។
លោក តូកាយ៉េវ បាននិយាយថា ទោះបីជាប្រទេសកាហ្សាក់ស្ថានមិនស្វែងរកធ្វើជាអ្នកសម្របសម្រួលក្នុងវិបត្តិអ៊ុយក្រែនក៏ដោយ ក៏ប្រទេសនេះត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់កន្លែងសម្រាប់ការចរចា ប្រសិនបើចាំបាច់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





